អាមេរិក​ប្តេជ្ញា​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ចរចា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2017 ក+ ក-

អាមេរិក​៖​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ប្តេជ្ញា​ធ​រដាក់​សម្ពាធ​បន្ថែម​លើ​ប្រទេស​កូរ៉េខាងជើង តាមរយៈ​ទណ្ឌកម្មសេដ្ឋកិច្ច និង​ការទូត​ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ចរចា ដោះស្រាយ​បញ្ហា​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP​។​
​សេចក្តីថ្លែងការណ៍​រួម​ខាងលើនេះ ត្រូវបាន​រៀបចំឡើង​ដោយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Rex Tillerson, រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក James Mattis និង​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក លោក Dan Coats បន្ទាប់ពី​មន្ត្រី​ទាំងបី​រូបនេះ បានធ្វើការ​អត្ថាធិប្បាយ​អំពី​គោ​លន​យោ​បា​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​ទីក្រុង​ព្យុងយ៉ាង ជូន​ដល់​អង្គ​សភាជាតិ​ឲ្យ​បានដឹង​។​
​មន្ត្រី​កំពូល​អាមេរិក​បានលើកឡើង​ថា លោក​ប្រធានាធិបតី ដូណ​ល ត្រាំ ចង់​ប្រើ​គោលនយោបាយ​ការទូត ដើម្បី​ដាក់​សម្ពាធ និង ស្វែងរក​ការដាក់ទណ្ឌកម្ម​ជាថ្មីទៀត​ពី​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់ និង​ដៃគូ​នានា លើ​រដ្ឋអំណាច​ដឹកនាំ​ដោយ​លោក​គីម ជុង​អ៊ុន ប៉ុន្តែ​ថា មិន​លុតជង្គង់​ដាក់​របប​ដឹកនាំ​ដោយ​លោក​គីម ជុង​អ៊ុន​នោះទេ​។​
​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ មេបញ្ជាការ​កងទ័ពជើងទឹក​របស់​អាមេរិក​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​លោក Admiral Harry Harris ថ្លែង​ស្វាគមន៍​ចំពោះ​ការស្នើ​ឡើង​របស់​ទីក្រុង​ប៉េកាំង​ដើម្បី​ដោះស្រាយ​ភាព​តានតឹង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ព្យុងយ៉ាង​ដោយ​មិនមាន​យោធា​៕

1