វ៉ាស៊ីនតោន៖ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Reuters អំឡុងបទសម្ភាសន៍ពិសេសមួយ ក្នុងការិយាល័យប្រធានាធិបតីនៅមុនពេលគំរប់១០០ថ្ងៃនៃការឡើងកាន់អំណាច លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការប៉ះទង្គិចគ្នាក្នុងទ្រង់ទ្រាយដ៏ធំមួយ ជាមួយប្រទេសកូរ៉េខាងជើង អាចនឹងកើតមានឡើងបាននៅក្នុងប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុក ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់រដ្ឋកុម្មុយនិស្តមួយនេះ ។នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។
ប៉ុន្តែជុំវិញករណីខាងលើនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំបានលើកឡើងថាលោកពិតជាចង់បាន និងចង់ឃើញលទ្ធផលដោះស្រាយ តាមរយៈការទូតក៏ដូចជាសន្តិវិធីចំពោះបញ្ហានេះជាង។ ដោះស្រាយប្រកបដោយសន្តិវិធីចំពោះវិបត្តិមួយនេះ ដែលបានបង្កការរំខានអតីតប្រធានាធិបតីអាមេរិកអស់ជាច្រើននាក់មកហើយនោះ ហើយវាក៏ជាផ្លូវដើរមួយ ដែលរដ្ឋបាលលោក និងរូបលោកផ្ទាល់កំពុងផ្តោតសំខាន់ តាមរយៈការរៀបចំទណ្ឌកម្មសេដ្ឋកិច្ចថ្មីៗ ស្របពេលដែលលោកក៏មិនបោះបង់ចោលជម្រើស នៃការប្រើប្រាស់កម្លាំងយោធាចោលទាំងស្រុងដែរ។
បញ្ហានេះមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូបបានបញ្ជាក់ថា ការវាយប្រហារដោយកម្លាំងយោធា នៅតែជាជម្រើសមួយដដែលសម្រាប់ការពិចារណា ក៏ប៉ុន្តែគេពុំសូវជារំពឹងទុកថា នឹងធ្លាក់ដល់ដំណាក់កាលនេះណាស់ ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានបញ្ជូននាវាដឹកយន្តហោះចម្បាំង USS Carl Vinson ដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាមុជទឹក USS Michigan បំពាក់គ្រាប់មីស៊ីលប្រដេញទៅកាន់ឧបទ្វីបកូរ៉េ ដើម្បីសំញែងឥទ្ធិពលយ៉ាងណាក្តី។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសកូរ៉េខាងជើងគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយ ដល់សន្តិសុខជាតិ និងជាអាទិភាពគោលនយោបាយការបរទេសដ៏ខ្ពស់បំផុត សម្រាប់សហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ខ្លួនកំពុងតែផ្តោតសំខាន់ទៅលើការដាក់សម្ពាធផ្នែកសេដ្ឋកិច្ច និងការទូតទៅលើរបបដឹកនាំទីក្រុងព្យុងយ៉ាង រួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការពីចិន ក្នុងការគ្រប់គ្រងអ្នកជិតខាង និងសម្ព័ន្ធមិត្តដ៏រឹងទទឹងមួយនេះ ហើយនៅតែបន្តបើកទូលាយស្វាគមន៍ចំពោះកិច្ចចរចាគ្នា៕