អា​ហ្វ​ហ្គា​នី​ស្ថាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​កម្ទេច​ក្រុម ISIS
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2017 ក+ ក-

​កា​ប៊ុល​៖​មេដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុម​ភេរវ​ករ​ម្នាក់​និង​បក្ស​ពួកក្រុម​សកម្មប្រយុទ្ធ ISIS សរុប​៤៥​នាក់​ត្រូវបាន​កងកម្លាំង​សន្តិសុខ​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​ក្នុងអំឡុង​ការវាយប្រហារ​តាមផ្លូវ​អាកាស និង​ប្រតិបត្តិការ​បោសសម្អាត​តាមផ្លូវ​គោក​នៅ​ស្រុក Achin នៃ​ខេត្ត Nangarhar ។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​រុស្ស៊ី Sputnik នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៨ ខែមេសា ឆ្នាំ​២០១៧​។​
​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ជន​សកម្មប្រយុទ្ធ​ដែល​ត្រូវបាន​សម្លាប់ រួមមាន​បុគ្គល​ឈ្មោះ Qari Nafiz ជា​មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់ ទទួលបន្ទុក​ខាង​ទំនាក់ទំនង​របស់​ក្រុម​ភេរ​វករ ISIS​។ ជន​ឈ្មោះ Nafiz បាន​បាត់​បង់ជីវិត រួមជាមួយ​ក្រុម​សកម្មប្រយុទ្ធ ៣៦​នាក់​ផ្សេងទៀត ខណៈ​០៩​នាក់​ត្រូវបាន​សម្លាប់ ក្នុង​ប្រតិបត្តិការ​យោធា​ដាច់ដោយឡែក​ពីគ្នា នៅ​ស្រុក Haska Mina នៃ​ខេត្ត​ដដែល​។​
​គួរ​បញ្ជាក់ថា ក្រុម​ភេរ​វករ ISIS និង​ក្រុម​ឧទ្ទាម​តា​លី​បង់ បាន​បង្ក​អស្ថិរភាព​សន្តិសុខ នយោបាយ សង្គម ឲ្យ​ប្រទេស​នៅ​តំបន់​អាស៊ី​ខាងត្បូង​មួយ​នេះ​អស់​រយៈពេល​ជា​យូរណាស់​មកហើយ ហើយ​ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅគគុក ដើម្បី​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​នៅ​ទូទាំងប្រទេស​៕

fn-2017-04-28-16-15-38-1