ក្រចេះ៖យ៉ាងហោចណាស់មានមនុស្សប្រុសស្រីក្មេងចាស់៥នាក់ត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយសាររន្ទះបាញ់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណជា១៣នឹង៥០នាទី នៅចំនុចអូរមៀត ភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។
អនុសេនីយ៍ឯក រស់ ប៊ុនធឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលចង្ក្រង់ បានឲ្យដឹងថា ជនរងគ្រោះទាំ៥នាក់ ទី១ មានឈ្មោះ ណុន សេនរ៉ុន ភេទប្រុស អាយុ២៧ឆ្នាំ,ទី២ ឈ្មោះ ចន្ថា ផាវី ភេទស្រី អាយុ២៧ឆ្នាំ ,ទី៣ ឈ្មោះ ថា ចាន់ដារា ភេទប្រុស អាយុ១៣ឆ្នាំ ,ទី៤ ឈ្មោះ ណុប មេ ភេទប្រុស អាយុ ១៣ឆ្នាំ និងទី៥ ឈ្មោះ រ៉ុន ស្រីម៉ិវ ភេទស្រី អាយុ ៦ឆ្នាំ ជនរងគ្រោះទាំង៥នាក់ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុពពកខ្មៅដោយដុំៗនិងដោយកន្លែង នឹងមានភ្លៀងធ្លាក់ស្រិចៗ ហើយចំណែកឯជនរងគ្រោះទាំង៥នាក់ គឺកំពុងអង្គុយលេងលើគ្រែនៅក្រោមផ្ទះ ស្រាប់តែមានរន្ទះបាញ់សសរបាក់បីបួនដើម ចំណែកឯអ្នកអង្គុយក្រោយផ្ទះនោះ ក៏សន្លប់ទាំងអស់គ្នា ឃើញហេតុការដូច្នេះ ក្រុមគ្រួសារជនរងគ្រោះក៏បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះតែម្តង ។
គួររំលឹកថា កាលពីថ្ងៃទី២៣ ខែមេសាកន្លងទៅថ្មីៗនេះ ខណៈដែលមានភ្លៀងបានធ្លាក់លាយឡំនឹងខ្យល់កន្ដ្រាក់បក់បោកយ៉ាងខ្លាំង ក៏កើតមានហេតុការណ៍រន្ទះបាញ់ បណ្តាលអោយស្ត្រីម្នាក់ស្លាប់នៅលើផ្ទះផងដែរ ឋិតនៅភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ និងបែកប្រេះសសរអស់ជាច្រើនដើម៕