ដោយ៖ប៉ែន សុផល
បាត់ដំបង៖ស្ត្រី២នាក់ជាបងប្អូននឹងគ្នាត្រូវបានរន្ទះបាញ់ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ខណៈនៅធ្វើចំការពេលដែលមេឃកំពុងធ្លាក់ភ្លៀង ដែលហេតុការណ៍គួរអោយអាណោចអាធម៌ខាងលើនេះបានកើតឡើងនៅ វេលាម៉ោង១៦ និង០០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៤ ស្ថិតក្នុងភូមិ កណ្តាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកវសេនីយ៍ត្រី អ៊ាម សេងអឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំឡូតបានប្រាប់អោយដឹងថា ជនរងគ្រោះទី១ឈ្មោះ សៀន ឆើត ភេទស្រី អាយុ២៦ឆ្នាំ (ស្លាប់)។ ទី២ឈ្មោះ សៀន ឆេន ភេទស្រី អាយុ២៤ឆ្នាំ(រងរបួសធ្ងន់) ទាំងពីរនាក់រស់នៅក្រុមទី៤ ភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកមេបញ្ជាការបញ្ជាក់ថា នៅមុនពេល កើតហេតុជនរងគ្រោះពីរនាក់បងប្អូនបាននាំគ្នានៅធ្វើចំការខាងក្រោយផ្ទះ ខណៈនោះក៍ស្រាប់តែមេឃចាប់ផ្តើមធ្លាក់ភ្លៀងមកធ្វើអោយមានផ្គរ និងរន្ទះបាញ់បណ្តាលអោយស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់តែម្តង។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ៕