ស្ត្រី​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់ ខណៈ​កំពុង​ជំ​រះ​ស្មៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2017 ក+ ក-

ខេត្តពោធិ៍សាត់​៖​ស្ត្រី​ម្នាក់​រន្ទះបាញ់​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម និង​ម្នាក់ទៀត​របួសធ្ងន់​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ប្រ​ម៉ោ​យ ពេល​កំពុង​ជំ​រះ​ស្មៅ​ជាមួយគ្នា ខណៈ​មាន​ខ្យល់​កន្ត្រាក់ លាយឡំ​ជាមួយ​ភ្លៀងរលឹម​ស្រិចៗ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រសៀល ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​អន្លង់​ក្រូច ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​
​អធិការនគរបាល​ស្រុក​វាលវែង លោក ធាង ឡេង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​រន្ទះបាញ់​ចំ​ស្លាប់​នោះ​ឈ្មោះ ១-​ចេ​ន ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​អ្នកស៊ីឈ្នួល​ជំ​រះ​ស្មៅ​ឲ្យ​គេ រស់នៅ​ភូមិ​ឃុំ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ (​ស្លាប់​) និង​អ្នករងរបួស​ធ្ងន់​ឈ្មោះ ឈន ញឹក ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា​អ្នកស៊ីឈ្នួល​ចាំចំការ​ឲ្យ​គេ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ លោក​អធិការ​បញ្ជាក់ថា មុនពេល​កើតហេតុ មាន​ខ្យល់​កន្ត្រាក់ លាយឡំ​ជាមួយ​ភ្លៀងរលឹម​ស្រិចៗ ជនរងគ្រោះ​ទាំង​២​នាក់ បាន​ទៅ​ជំ​រះ​ស្មៅ​ជាមួយគ្នា នៅ​ចំណុចកើតហេតុ​ខាងលើ មួយសន្ទុះ​ក្រោយមក​ក៏មាន​រន្ទះបាញ់​ចំ​ស្ត្រី​ឈ្មោះ ចេ​ន បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ឈ្មោះ ឈន ញឹក របួសធ្ងន់​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មណ្ឌល​សុខភាព​ប្រ​ម៉ោ​យ​តែម្តង​។​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​ធ្វើ​កុសល​វិច័យ និង​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​មែន រួច​ប្រគល់​សព​ជូន​ក្រុមគ្រួសារ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2017-05-05-10-58-35-1fn-2017-05-05-10-58-35-0