បង្ក្រាប​រថយន្តដឹកឈើ​៥​គ្រឿង ​​ខណៈបម្រុង​ឆ្លង​ទៅ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2017 ក+ ក-

​ខេត្តរតនគិរី​៖​​នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៧ កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ផ្ទាល់​ដោយ​លោក សុខ ម៉ី​ន មេបញ្ជាការ កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ បង្ក្រាប​រឹបអូស​រថយន្ត​ឡង់​គ្រី​ស័​រ កែច្នៃ​ចំនួន​៥​គ្រឿង ដឹកឈើ​សុក្រ​ម​ពេញ ស្ថិតក្នុង​ភូមិ​ប៉ក់​តូច ឃុំ​ប៉ក់​ញៃ ស្រុក​អូរ​យ៉ា​ដាវ ត្រង់ចំណុច​ភ្នំ​ក្រហម ក្នុង​ចំការកៅស៊ូ​ក្រុមហ៊ុន​៧៤ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន បំរុង​ចេញទៅ​លក់​ប្រទេស​វៀតណាម តាម​ច្រករបៀង ភ្នំ​ក្រហម ដែលមាន​ប៉ុស្តិ៍​សង្កេតការណ៍​លេខ​៦០១ ចំណុះ​ឲ្យ​នគ​បាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ និង​ប៉ុស្តិ៍​កងទ័ព ចំណុះ​ឲ្យ​វរៈ​ការពារ​ព្រំដែន​គោក​១០២ ខណៈពេលដែល​រថយន្ត​ល្មើស​នោះ កំពុង​ធ្វើ​ចរាចរណ៍​។​
មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ លោក សុខ ម៉ី​ន បាន​ឲ្យ​ដឹងថា លោក​ស៊ើប​បាន​ដំណឹង ការ​លួច​ចរាចរណ៍​បទល្មើស​ឆ្លងដែន​នេះ យូរ​មកហើយ​ដែរ តែ​លោ​ករក​ចំណុច​ផ្លូវ​ដែល​គេ​ធ្វើ​សកម្មភាព​នេះ​មិនឃើញ លោក​មិន​នឹកស្មានថា គេ​អាច​លួច​ដឹក​កាត់​តាម​ចំការកៅស៊ូ ដែលមាន​ជ្រោះ មាន​ភ្នំ​ដូច្នេះ​សោះ ទើបតែ​ថ្ងៃនេះ លោក​បានទទួល​សេចក្ដីរាយការណ៍​ច្បាស់ និង​មាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត លោក​ក៏​ដឹកនាំ​កម្លាំង​ចុះ​រុករក បាន​ប្រទះឃើញ​រថយន្ត​ល្មើស​មែន តែ​ជនល្មើស​បាន​បើករថយន្ត ប្រសេច ប្រសាច រត់​ចូលក្នុង​ចំការកៅស៊ូ ហើយ​រត់គេចខ្លួន​បាត់​អស់ ធ្វើ​ឲ្យ​លោក​ស្មុគស្មាញ​ក្នុងការ​រុករក និង​រឹបអូស​យក​ភស្ដុតាង​មក​រក្សាទុក​។ លោក​បាន​បញ្ជាក់ថា ភស្ដុតាង​ឈើ និង​រថយន្ត កំពង់ធ្វើកា​ដឹកជញ្ជូន មិនទាន់​រួចរាល់​នៅឡើយ​ទេ យកទៅ​រក្សាទុក​នៅ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​។
ករណី​រថយន្ត​ដឹកឈើ​ឆ្លងដែន​ល្មើសច្បាប់ តាម​ច្រករបៀង​ខាងលើ លោក យ៉ា​ត ដែលជា​នាយប៉ុស្ដិ៍ ច្រករបៀង​ភ្នំ​ក្រហម បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​យ៉ាងខ្លី នៅថ្ងៃនេះ​ដែរ​ថា ក្នុង​យប់​ថ្ងៃទី​៤ ទី​៥ នេះ​គឺ​លោក​បិត​មិន​ឲ្យ​ចេញ​។​
ចំណែក​លោក ងួន សុ​វណ្ណា នាយ​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣ បាន​និយាយ​តាម​ទូ​ស័ព្ទ​ប្រាប់​អ្នកសារព័ត៌មាន​យ៉ាងខ្លាំងៗ នៅថ្ងៃនេះ​ដែរ​ថា ឈើ​ដែល​គេ​ដឹក​ឆ្លងដែន​នេះ​បន្តិច​ប​ន្ទួ​ច បើ​ពូកែ​ចាប់​អញ្ចឹង ទៅ​ចាប់​តាមផ្លូវ ១៩ គេ​ដឹក​ហូរហែរ​តាមផ្លូវ​រាល់ថ្ងៃ ម៉េច​ក៏​មិន​ទៅ​ចាប់ ព្រមទាំង​នៅ​ក្រុង​បាន​លុង គេ​ចាប់​ច្រើនលើក ច្រើនសារ​មកហើយ​នៅ​មិនទាន់​អស់​ទេ​។​
សូមជម្រាបថា រយៈពេល​ប្រមាណ​ជា​៣​ខែ មកហើយ នៅ​ចំណុច​ប៉ុស្តិ៍​លេខ​៦០១ ភ្នំ​ក្រហម​នេះ បាន​លេចឮ​ព័ត៌មាន​ថា មានការ​លួចលាក់​ធ្វើ​ជំនួញ​ឈើ​ខុសច្បាប់ តាម​ច្រក​នេះ ដោយសារ​តែមាន​ការបើក​ដៃ​ពី​នាយប៉ុស្តិ៍ ឈ្មោះ​យ៉ា​ត​។ ហើយ​ការបង្ក្រាប ទប់ស្កាត់ បទល្មើស​ធនធានធម្មជាតិ ត្រូវបាន​គេ​សង្កេតឃើញថា មានតែ​កម្លាំង​កងរាជអាវុធហត្ថ​ប៉ុណ្ណោះ តែងតែ​ដុតដៃ ដុតជើង ឈ្មុះឈ្មុល រុករក​ចុះបង្ក្រាប​យ៉ាងសកម្ម រាល់​បទល្មើស​ផ្សេងៗ ដែល​កើតមានឡើង​ក្នុង​ខេត្តរតនគិរី​៕

unnamed2 3 4