លោក ហ៊ុន សែន ព្រមាន​ប្រើ​កម្លាំងប្រដាប់អាវុធ​កម្ចាត់​អ្នក​ចង់​ធ្វើ​បដិវត្តន៍​ដោយ​ប្រើ​អំណាច​ពលរដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2015 ក+ ក-

​ភ្នំពេញ​:​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ប្រើប្រាស់​កងកម្លាំង​ប្រដាប់អាវុធ​កម្ចាត់​គ​ណ​បក្សនយោបាយ​ណាមួយ ដែល​ចង់​ធ្វើ​បដិវត្តន៍​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​តាម​រយៈ​អំណាច​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​ទន្ទឹមគ្នា​នោះ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ក៏​ព្រមាន​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ត្រូវ​រក្សា អព្យាក្រឹតភាព​រវាង​គ​ណ​បក្សនយោបាយ​។​

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ពុធ ទី​២៥ ម្សិលមិញ​ថា រដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​គណបក្សនយោបាយ​ណាមួយ​ដឹកនាំ​ធ្វើ​បដិវត្តន៍​ទម្លាក់​រដ្ឋាភិបាល​ពី​អំណាច​ដូច​នៅ​ពិភព​អារ៉ាប់ និង​ទ្វីបអឺរ៉ុប​ឡើយ​។ លោក​ចោទប្រកាន់​គណបក្សប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ថា បាន​ដឹកនាំ​បដិវត្តន៍​អំណាច​ពលរដ្ឋ​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ក្រោយ​ការ បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ ហើយ​បដិវត្តន៍​នោះ​អាចនឹងទទួល​បាន​ជោគជ័យ ប្រសិនបើ​កងកម្លាំងប្រដាប់អាវុធ និង​យោធា​មិន​ការពារ​រដ្ឋាភិបាល​ទេនោះ​។​

​លោក ហ៊ុន សែន​៖ «​ដូច្នោះ​ហើយ​បានជា​ខ្ញុំ​សន្និដ្ឋានថា បាតុកម្ម​ថ្ងៃទី​១៥ ១៦ និង ១៧ កញ្ញា ឆ្នាំ​២០១៣ ជាការ​ធ្វើតេស្ត​សាកល្បង​នៃ​កងកម្លាំងប្រដាប់អាវុធ​ចំពោះ​រដ្ឋាភិបាល ប្រហែលជា​អស់លោក​បានដឹងហើយថា មុនពេល​បាតុកម្ម​គេ​ដើរ​ចែក​ផ្កា និង​នំចំណី​ឲ្យ​កម្លាំងប្រដាប់អាវុធ​។ ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ​អាច​អព្យាក្រឹត​បានតែ​ចំពោះ​បក្សនយោបាយ ប៉ុន្តែ​មិនអាច​អព្យាក្រឹត​ម្ខាង បក្សនយោបាយ និង​ម្ខាង​រដ្ឋាភិបាល​ទេ​»​។​

​ប៉ុន្តែ​លោក ហ៊ុន សែន អះអាងថា ប្រសិនបើ​កងកម្លាំងប្រដាប់អាវុធ និង​យោធា មិន​ការពារ​រដ្ឋាភិបាល​នោះទេ លោក​នឹង​បញ្ចេញ​កងកម្លាំង ពិសេស​ដើម្បី​ការពារ​រដ្ឋាភិបាល​។ លោក​ស្នើ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវការពារ​រ​ដ្ឋា​ភិ​បាល​៖ «​ចាំ មើល​កងទ័ព​យើង​យ៉ាងម៉េច​? គ្រាន់បើ​! អរគុណ​! ស្មានតែ​ទុក​លោក​ឯង​អី តែ​លោក​ឯង​មិន​ធ្វើ​មាន​អ្នក​ដទៃទៀត​ធ្វើ​ហើយ កុំ​ឆ្ងល់​ពេក​»​។​

​អត្ថាធិប្បាយ​របស់លោក ហ៊ុន សែន គឺ​ផ្ទុយទៅនឹង​ការសម្រេចចិត្ត​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​សមាជ​កាលពីដើម​ខែកុម្ភៈ ដែល​បានដាក់​បញ្ចូល​សមាជិក​កងកម្លាំង​យោធា កងរាជអាវុធហត្ថ ប៉ូលិស ច្រើនជាង ៨០​នាក់​ទៅក្នុង​គណៈកម្មាធិការ​ក​ត្តា​ល​គណបក្ស​ប្រជាជន​កម្ពុជា​។ ចំនួន​សមាជិក​នៃ​កម្លាំង​គ្រប់គ្រង​បញ្ជាការ​លើ​កងសន្តិសុខ​ដែលជា​សមាជិក គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​បង្កើន​ចំនួន​បី​ដង គឺ​ពី ៣៦​នាក់​ទៅ​យ៉ាងតិចណាស់ ១១៦​នាក់​។​

​មន្ត្រី​យោធា នគរបាល និង​កងរាជអាវុធហត្ថ​ដែល​ទទួល​តួនាទី​ថ្មី​ក្នុង​បក្ស​ប្រជាជន​កម្ពុជា សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស ដូចជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក ម៉ក់ ជី​តូ អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក រ័ត្ន ស្រ៊ាង អគ្គ​ស្នងការរង និង​ជា​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ និង​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស​។​

​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​នៅ​កម្ពុជា បញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ​មិនត្រូវ​លំអៀង ឬ​មាន​និន្នាការ​ប្រឆាំងនឹង​គណបក្ស​ណាមួយ​ឡើយ​។ ច្បាប់​នេះ ក៏បាន​ហាម​មិន​ឲ្យ​គណបក្សនយោបាយ​បង្កើន​រចនាសម្ព័ន្ធ​បក្ស​ក្នុង​ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ប៉ុន្តែ​ប្រភព​ជាច្រើន​បានបញ្ជាក់​ប្រាប់​អង្គការសិទ្ធិមនុស្ស​ថា មេបញ្ជាការ​យោធា​បាន​បង្កើត​បណ្ដាញ​បក្ស​កាន់អំណាច​ក្នុង​ស្ថាប័ន​យោធា ប៉ូលិស និង​កងរាជអាវុធហត្ថ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្នុង​ការចរចា​នយោបាយ​បង្កើត​ច្បាប់បោះឆ្នោត​ថ្មី តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បានស្នើ​សុំ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រមទាំង​មន្ត្រី​តុលាការ​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​ឃោសនាបោះឆ្នោត​បាន ថ្វីត្បិតតែ​ច្បាប់បោះឆ្នោត​បច្ចុប្បន្ន​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទាំងនោះ ជាប់​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ក្តី​។​

​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​លោក ហ៊ុន សែន ព្រមាន​ប្រើប្រាស់​កងកម្លាំង​ប្រដាប់អាវុធ​កម្ចាត់​ផែនការ​បដិវត្តន៍​នៅ​កម្ពុជា ប្រឆាំងនឹង​គណបក្សនយោបាយ​។ កាលពី​ថ្ងៃទី​២៤ កុម្ភៈ លោក ហ៊ុន សែន ក៏បាន​ព្រមាន​ប្រើប្រាស់​កាំជ្រួច​ប្រភេទ BM21 បាញ់​កម្ទេច​សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អា​រ៉ែ​ង ប្រសិនបើ​សកម្មជន​ទាំងនោះ​បង្កើត​តំបន់អបគមន៍​។​

​មន្ត្រី​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការចោទប្រកាន់​របស់លោក ហ៊ុន សែន ឡើយ ប៉ុន្តែ​អះអាងថា
កងកម្លាំងប្រដាប់អាវុធ​មិនទាន់មាន​អព្យាក្រឹតភាព​ឡើយ​។ លោក​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​មាន​ឯករាជភាព និង​អព្យាក្រឹតភាព​នៅពេល​គណ​បក្ស​សង្គ្រោះ​ជាតិ ឈ្នះឆ្នោត​៖ «​ខ្ញុំ​យល់ ឃើញថា យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​ធ្វើ​ឲ្យ​កងទ័ព​មាន​អព្យាក្រឹត ព្រោះ​យើង​មិន​ដោះស្រាយ​ឲ្យ​ប្រទេស​យើង​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ទេ យើង​នឹង​ងាក​ទៅរក​អនុស្សាវរីយ​ដ៏​ជូរចត់ ដូច​ពី​អតីតកាល​។ គោលនយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ គឺ​កងយោធពល​ខេមរភូមិន្ទ​ជា​កងទ័ព​របស់​ជាតិ មិនមែន​កងទ័ព​រប​ស់​គណបក្ស​»​។​

​បច្ចុប្បន្ន​មន្ត្រីជាន់ខ្ពស់​ដឹកនាំ​កងទ័ព​កំពុងមាន​តួនាទី​ក្នុង គណៈកម្មាធិការ​កណ្ដាល​បក្ស​ប្រជាជន​កម្ពុជា រួចហើយ រួមមាន​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ លោក គន់ គីម និង មាស សុភា អគ្គស្នងការ​នគរបាល​ជាតិ លោក នេ​ត សាវឿន និង​អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា​។​

​អង្គការសិទ្ធិមនុស្សរ​ក​ឃើញថា អង្គភាព​ជាច្រើន​ដែល​គ្រប់គ្រង​ដោយ​គណៈកម្មាធិការ​កណ្ដា​ល​បក្ស​ប្រជាជន​កម្ពុជា ធ្លាប់មាន​ប្រវត្តិ​រំលោភសិទ្ធិ​មនុស្ស ការបាញ់សម្លាប់​បាតុករ បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញពីផ្ទះ​សម្បែង ឃាតកម្ម​នយោបាយ ធ្វើ​ទារុណកម្ម ការចាប់​ឃុំខ្លួន​យ៉ាង​អនាធិបតេយ្យ រំលោភសិទ្ធិ​មនុស្ស និង​រត់ពន្ធ​មនុស្ស​៕RFA

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ស្ទឹងមានជ័យ កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤​។