បាតុកម្ម​ដ៏ចម្រូងចម្រាសនៅ​វេ​ណេ​ស៊ុយ​អេ​ឡា ​អ្នកស្លាប់​ឡើងដល់​៤៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2017 ក+ ក-

​កា​រ៉ា​កាស់ ៖ អគ្គ​រដ្ឋអាជ្ញា​នៃ​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ថា ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​បាតុកម្ម​ដ៏​បង្ហូរឈាម ដែល​បានអូសបន្លាយ​រាប់​ខែ​មកហើយ​នេះ​បាន​កើនឡើង​ដល់​៤៣​នាក់ បន្ទាប់ពី យុវវ័យ​ម្នាក់​វ័យ​១៥​ឆ្នាំ​បាន​ស្លាប់​កាលពី​ម្សិលមិញ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ​។​
​ប្រភព​ខាងលើ​បន្តថា យុវវ័យ​ដែល​ស្លាប់​នោះ​ឈ្មោះ Jose Francisco Guerrero ត្រូវបាន​គេ​បាញ់​ចំ​កណ្តាល​ខ្នង​បណ្តាល​ឲ្យ​ស្លាប់ អំឡុងពេល​ធ្វើបាតុកម្ម​នៅក្នុង​រដ្ឋ Tachira ភាគ​ខាងលិច​ប្រទេស​។ ទោះបីយ៉ាងណា​ជុំវិញ​ការស្លាប់​នេះ​រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា​បានចេញ​បញ្ជា​ទៅ​ប៉ូលិស​ឲ្យ​បើក​ការស៊ើបអង្កេត​រក​មុន​ជនដៃដល់​ផងដែរ​។​
​ជុំវិញ​បាតុកម្ម​ដ៏​ចម្រូងចម្រាស​នេះ ក្រសួងការពារជាតិ​វេ​ណេ​ស៊ុយ​អេ​ឡា បានដាក់​ពង្រាយ​កងក​ម្លាំ​ង​ពិសេស​សរុប​៦០០​នាក់ និង​ទាហាន​ទូទៅ ២,០០០​នាក់ ដើម្បី​ការពារ​សន្តិសុខ និង​បង្ក្រាប​ក្រុម​ជន​ដែល​បង្ក​អំពើហិង្សា ដែល​ផ្ទុយ​នឹង​ច្បាប់​របស់​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ ខណៈ​កងកម្លាំង​មួយចំនួន​ត្រូវបាន​គេ​រាយការណ៍​ថា បានទទួល​រងរបួស ដោយសារតែ​អំពើហិង្សា​ពី​សំណាក់​ហ្វូង​បាតុករ​ផងដែរ​។​
​គួរ​បញ្ជាក់ថា បាតុកម្ម​ដ៏​ចម្រូងចម្រាស​នេះ​ត្រូវបាន​រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា​ទម្លាក់​ការទទួលខុសត្រូវ​លើ​ក្រុម​គណបក្សប្រឆាំង ដែលលោក​ចាត់ទុកថា មានចេតនាទម្លាក់​លោកពីតំណែង ដោយមាន​សហរដ្ឋអាមេរិក​ជា​ខ្នងបង្អែក​៕

fn-2017-05-18-08-54-03-0