បាញ់​មនុស្ស​ស្លាប់ និង​របួស​៤​នាក់ ក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្ដុល​សែន​ជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2017 ក+ ក-

​ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោច​មនុស្សម្នា​ក់បាន​ស្លាប់ និង​៣​នាក់​រងរបួស​ធ្ងន់​ស្រាល ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ ក្រោយ​ហេតុការណ៍​បាញ់ប្រហារ​មួយ ដែល​គេ​សង្ស័យថា អាចជា​រឿង​គំនុំ​។ ហេតុការណ៍​បាញ់ប្រហារ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៧ និង​១៥​នាទី យប់​ថ្ងៃទី​២៣ ខែឧសភា នៅក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្ដុល​សែន​ជ័យ ដែល​ស្ថិត​ក្នុងភូមិ​ក្ដុល ឃុំ​ក្ដុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​
​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ហេតុការណ៍​បាញ់ប្រហារ​នេះ គេ​សង្ស័យថា ផ្ដើមចេញពី​រឿង​គំនុំ​របស់​ឈ្មួញ​រកស៊ី ដែលមាន​ការ​គំ​គួ​ន​គ្នា​រហូត​បង្ក​ជា​ជម្លោះ ទើប​បើក​ការបាញ់ប្រហារ​ចេញពី​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្ដុល​សែន​ជ័យ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចោមរោម​មើល រហូត​ជនដៃដល់​បាញ់​ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់ រងរបួស​ផងដែរ​។​
​សេចក្ដីរាយការណ៍​បញ្ជា​ក់ថា ជន​រងរបួស និង​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នេះ មាន​ទី​១​ឈ្មោះ សឹង ហាត ភេទ​ប្រុស តួនាទី​ជា​មន្ត្រី​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ ឬ​ក្ដុល​សែន​ជ័យ បាន​ស្លាប់​។ ទី​២​ឈ្មោះ អ៊ុក ណាន់ ភេទ​ប្រុស តួនាទី​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ទឹកផុស (​រងរបួស​) ទី​៣​ឈ្មោះ ម៉ៅ សារ៉ាត់ ហៅ​តា​លន ម្ចាស់​ស្ថានីយ៍​ដេប៉ូ តេ​លា និង​ជា​ប្រជាពលរដ្ឋ​រស់នៅ​ទល់មុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ (​រងរបួស​) និង​ទី​៤​ឈ្មោះ លូ គឹម​លន ជា​មន្ត្រី​យោធា (​រងរបួស​)​។​
​ពាក់ព័ន្ធ​ករណីនេះ​ដែរ អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័​ន្ឌ​ឌឿ​ន ប្រាប់ ឲ្យ​ដឹងថា ហេតុការណ៍​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួស​៣​នាក់ ដែល​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ បែបណា​ក្ដី លោក​អភិបាលខេត្ត ក៏​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​ដល់​កន្លែង​ហេតុ បើក​ការស្រាវជ្រាវ ដើម្បី​តាម​ចាប់ខ្លួន​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

fn-2017-05-23-22-15-45-0fn-2017-05-23-22-15-45-1 fn-2017-05-23-22-15-45-2