ព្យុះ​កំណាច​វាយប្រហារ​ទីក្រុង​ម៉ូស្គូ​មនុស្ស​ស្លាប់​កើន​ដល់​១៥​នាក់ និង​របួស​២០០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2017 ក+ ក-

​ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី Sputnik បាន​រាយការណ៍​ថា គិត​ត្រឹម​យប់​ថ្ងៃ​អង្គារ​ចំនួន​អ្នក​បាត់បង់​ជីវិត​បាន​កើនឡើង​ដល់​១៥​នាក់​ហើយ ខណៈ​មនុស្ស​ប្រមាណ​២០០​នាក់​ទៀត បានទទួល​រងរបួស​ធ្ងន់​និង​ស្រាល និង​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ បន្ទាប់ពី​ព្យុះ​កំណាច​ដ៏​ខ្លាំងក្លា​បាន​វាយប្រហារ​យ៉ាងដំណំ​លើ​ទីក្រុង​ម៉ូស្គូ​នៃ​ប្រទេស​រុស្ស៊ី រួមទាំង​តំបន់​ជុំវិញ​នោះ កាលពី​រសៀល​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។
​កំណាច​ខាងលើនេះ​មាន​ល្បឿន ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​វា​បាន​បំផ្លាញ​អគារ​នានា​ជាច្រើន​ក្នុង​ទីក្រុង និង​ធ្វើ​ដើមឈើ​រាប់រយ​ដើម​បាក់​រលំ​។ បន្ថែម​ពីនេះ​ខ្សែចម្លង​អគ្គិសនី​ជាច្រើន​បាន​ដាច់ ដែល​បង្ក​ឲ្យ​ផ្ទះសម្បែង​ប្រជាជន​ជាង​៧,៣០០​ខ្នង​រង​ផលប៉ះពាល់​។​
​អភិបាលក្រុង​ម៉ូស្គូ លោក Sergei Sobyanin បាន​បញ្ជាក់ថា ព្យុះ​កំណាច​នេះ​ក៏បាន បណ្តាល​ឲ្យ​មានការ​ដួល​រំលំ​ដើមឈើ នៅតាម​ដង​វិថី​ជាច្រើន ដែលជា​ហេតុ​បង្កើតជា​ការរាំងស្ទះ​ដល់​ចរាច​ណ៍​ធ្វើដំណើរ និង​ថែមទាំង​បាន​បង្ក​ការខូចខាត​ដល់​អគារ​មួយចំនួន នៅក្នុង​ទីក្រុង​ទៀតផង​៕

1054095763