រតនៈគីរី ៖ ក្រុមឈ្មួញឈើល្មើសច្បាប់ កំពុងឆ្លៀតឱកាសក្នុងអំឡុងពេលយុទ្ធនា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៤ ឆ្នាំ២០១៧នេះ ក្រុមឈ្មួញធំ-តូច ធ្វើការដឹកជញ្ជូន ឈើប្រណីតតាមរថយន្តធុនធំៗ ឆ្ពោះទៅកាន់ប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង ព្រោះនេះគឺជាឱកាសដ៏ល្អបំផុត សម្រាប់ ក្រុមឈ្មួញឈើឈ្មោះ ហូវ ជីវ៉ៃ ដែលជាឈ្មួញធំជាងគេក្នុងទឹកដីខេត្តរតនគីរី និងមន្ត្រីពាក់ព័ន្ធឆ្លៀតរកលុយចូលហោប៉ៅ មិនខុសពីត្រីងៀតឆ្លៀតពងនោះទេ ។ នេះ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានដែលគ្មានសមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើ បានឱ្យដឹងកាលចុងសប្តាហ៍កន្លងទៅនេះ។
ប្រភពព័ត៌មានបានរាយការណ៍ថា នៅពេលការឃោសបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ បានចាប់ផ្តើមមក (២០ ឧសភា ឆ្នាំ២០១៧) ឃើញចលនានៃការដឹកជញ្ជូនឈើប្រណីតខុសច្បាប់បានកើតឡើងវិញយ៉ាងគគ្រឹកគគ្រេងនៅក្នុងស្រុកកូនមុំ ខេត្តរតនគីរី ដែលក្នុងមួយថ្ងៃៗ ឃើញមានរថយន្តធុនធំ ចាប់ពី ៥ ទៅ ៦គ្រឿង បានដឹក ឈើប្រណីតចេញពីស្រុកកូនមុំ ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូន ។
ប្រភពដដែលបានបន្តថា មូលហេតុដែលឈ្មួញឈើ ឆក់យកឱកាសឃោសនាបោះឆ្នោតនេះ ដើម្បីដឹកជញ្ជូនឈើ ដោយហេតុថា រង្វង់២សប្តាហ៍នេះ ទាំងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ សុទ្ធតែកំពុងផ្តោតសំខាន់លើការរក្សាការបារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីធានាឱ្យដំណើរការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ហេតុនេះសមត្ថកិច្ចមិនសូវមានពេលចាប់អារម្មណ៍ ទៅនឹងរឿងអ្វីផ្សេងប៉ុន្មានទេ ណាមួយក្រុមឈ្មួញឈើក៏បានរៀបចំសំណែនរួចរាល់ហើយដែរ ហេតុនេះចង់មិនចង់ សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធខ្លះ ត្រូវសំងំបិទភ្នែក ដើម្បីទទួលលាភសក្ការៈខ្លះទាន់ឱកាសហុចឱ្យ ។
ប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងខាងលើ បានឱ្យដឹងថា ឈើដែលគេដឹកមកប្រមូលផ្តំទុកនៅក្នុងស្រុកកូនមុំ ដើម្បីដឹកចេញទៅវៀតណាម គឺជាឈើរបស់ឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាក់ ដែលមានរហស្សនាមថា ណាក់ក្បាលធំ ។
ប្រភពអះអាងថា អ្នកទាំងពីរសុទ្ធតែមានតួនាទីខ្ពស់ក្នុងកងកម្លាំងប្រដាប់អាវុធ ដូច្នេះគ្មានអ្នកណាហ៊ានប៉ះ ពាល់នោះទេ ម្យ៉ាងវិញទៀត គេបានដើរបំប៉ោងថា ពួកគេមានទាំងពីរមានឧកញ៉ា មានឥទ្ធិពលម្នាក់នៅពីក្រោយខ្នង ដែលសមត្ថកិច្ចណាក៏ស្គាល់មេឈ្មួញឈើ និងឧកញ៉ានោះដែរ ទើបចេះតែបិទភ្នែកបើកដៃឱ្យរថយន្តដឹកឈើប្រណីត បន្តចេញទៅប្រទេសជិតខាង ទោះបីរាជរដ្ឋាភិបាល បានហាមឃាត់ដាច់ខាតក៏ដោយ ។
ក្នុងសប្តាហ៍កន្លងទៅនេះ មានរថយន្តសាំយ៉ុង មិនតិចជាង ២០គ្រឿងទេក្នុងមួយថ្ងៃៗ បានដឹសម្រុកប្រមូលឈើពីគ្រប់ទិសទី យកទៅដាក់លាក់ទុកក្នុងទីតាំងសុវត្ថិភាពមួយនៅក្នុងស្រុកកូនមុំ បន្ទាប់ទើបឲ្យរថយន្តធុនធំចូលទៅដឹកបន្តចេញពីស្រុកកូនមុំ ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ ក្រោមការចាត់ចែងរបស់ឈ្មួញធំ២នាក់ខាងលើ គឺឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាក់ ជាអ្មករត់ការរូចជាស្រេច ហេតុនេះក្បូនរថយន្តធុនធំដឹកឈើ អាចធ្វើចរាចរណ៍ចេញពីស្រុកកូនមុំ រហូតទៅដល់ទឹកដី វៀតណាមតាមច្រកអូរយ៉ាដាវ បានដោយសុវត្ថិភាព ដោយគ្មានអ្វីឧបសគ្គនោះឡើយ ។
លោក ហូវ ជីវ៉ៃ ដែលរងការរិះគន់រឿងរកស៊ីឈើខុសច្បាប់ មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីម្សិលមិញនេះ ដោយសារទូរស័ព្ទរបស់លោកមិនអាចភ្ជាប់ប្រព័ន្ធបាន ហើយពេលខ្លះលោកមិនទទួលទូរស័ព្ទ៕