គ្រោះថ្នាក​ចរាចរណ៍​ពេញ​១​ខែឧសភា​ស្លាប់​មនុស្ស​១២៩​នាក់ និង​រងរបួស​៤៣៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ រយៈពេល​ពេញ​១​ខែឧសភា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន​២៧២​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១២៩​នាក់ របួសធ្ងន់​២៧៧​នាក់ និង​របួសស្រាល​ចំនួន​១៥៨​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា ករណី​បើកបរ​ហួស​ល្បឿន​កំណត់​ចំនួន​១០៣​លើក​, ស្រវឹង​ចំនួន​១៣​លើក​, ប្រជែង​ចំនួន​៣៩​លើក​, មិន​ប្រកាន់​ស្ដាំ​២៩​លើក​, មិន​គោរព​សិទ្ធិ​៥១​លើក​, បត់​គ្រោះថ្នាក់​២៥​លើក​, កត្តា​យានយន្ដ​៥​លើក និង​ងងុយដេក​៧​លើក​។​
​ជាមួយគ្នានេះ​ខេត្ត​ដែលមាន​ករណី​គ្រោះថ្នាក់​ច្រើនជាងគេ​រួមមាន ខេត្តកំពង់ស្ពឺ កើតឡើង​ចំនួន​១៤​លើក​, ខេត្តកណ្ដាល កើតឡើង​ចំនួន​១៨​លើក​, ខេត្តបាត់ដំបង កើតឡើង​ចំនួន​១០​លើក​, ខេត្តតាកែវ កើតឡើង​ចំនួន​៧​លើក​, ខេត្តកំពង់ចាម កើតឡើង​ចំនួន​១៩​លើក​, ខេត្តពោធិ៍សាត់ កើតឡើង​ចំនួន​១៧​លើក​, រាជធានី​ភ្នំពេញ កើតឡើង​ចំនួន​៤០​លើក និង​ខេត្តបន្ទាយមានជ័យ កើតឡើង​ចំនួន​១១​លើក​។​
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២៧២​លើក​នេះ បាន​បណ្ដាល​ឲ្យ​ខូចខាត​យានយន្ដ​សរុប​ចំនួន​៤៧៤​គ្រឿង ដោយ​ក្នុងនោះ​រួមមាន​ម៉ូតូ​ចំនួន​២៦៦​គ្រឿង រថយន្ដ​ធុន​តូច​ចំនួន​១២០​គ្រឿង​, រថយន្ដ​ធុន​ធំ​ចំនួន​៦៥​គ្រឿង​, យានយន្ដ​ផ្សេងៗ​ចំនួន​២៣​គ្រឿង និង​អ្នក​ថ្មើ​ជើង​២៤​នាក់​៕

fn-2017-06-01-07-14-28-1