​មនុស្ស​១២​នាក់ស្លាប់ករណីឆេះ​អគារ​ខុន​ដូ​កម្ពស់​២៤​ជាន់នៅ​អង់គ្លេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2017 ក+ ក-

​ឡុង​ដ៍ ៖ សារព័ត៌មាន Telegraph ចេញផ្សាយ​ថា មនុស្ស​យ៉ាងតិច​ចំនួន​១២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​៧៩​នាក់​ផ្សេងទៀត​របួស និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុងករណី​អគ្គិភ័យ​ឆាបឆេះ​អគារ​ខុន​ដូ​កម្ពស់​២៤​ជាន់​មួយកន្លែង​នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​
​ប៉ូលិស​នៃ​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹងថា អគារ​ខាងលើនេះ​មានឈ្មោះ Grenfell Tower ស្ថិតនៅក្នុង​សង្កាត់ North Kensington ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍ ដែល​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ទទួលរង​ការឆាបឆេះ​កាលពី​វេលា​ម៉ោង​១ និង​១៦​នាទី​យប់​ថ្ងៃ​ពុធ​នេះ (​ម៉ោង​ក្នុង​តំបន់​) ចាប់តាំងពី​ជាន់​ទី​ពីរ​រហូតដល់​ជាន់​លើ​បំផុត ហើយ​ក្រុម​ពន្លត់​អគ្គិភ័យ​ដល់​ទៅ​ជាង​២០០​នាក់ បាន​ចូលរួម​ពន្លត់​គ្រោះ​អគ្គិភ័យ​ដ៏​ធំ​សម្បើម​នេះ​។​
​ទោះជា​យ៉ាងណា​ប៉ូលិស​បញ្ជាក់ថា ចំនួន​អ្នក​បាត់បង់​ជីវិត​ទំនងជា​នឹង​បន្ត​កើនឡើង ដោយ​សម្អាងថា​មនុស្ស​ជាច្រើន​នាក់​ទៀត នៅ​កំពុង​បន្ត​បាត់​ខ្លួន​នៅឡើយ ដែល​ត្រូវគេ​សង្ស័យថា បាន​ជាប់​ខ្លួន​នៅក្នុង​អគារ​កើតហេតុ ខណៈ​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​នៅ​មិនទាន់​ត្រូវ​បានដឹង​ច្បាស់​នៅឡើយ​ទេ ស្រប​ពេលដែល​ការស៊ើបអង្កេត បាននិងកំពុង​ធ្វើឡើង​៕

fn-2017-06-15-07-40-05-1fn-2017-06-15-07-40-05-2