លោក ឱម យ៉ិន ទៀង៖ របាយការណ៍ TIC មានលក្ខណៈត្រួតលើស្ថាប័ន ស.ប.ព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2014 ក+ ក-

​​ភ្នំពេញ​៖ នៅ​ល្ងាច ថ្ងៃទី​០៩ ខែ កញ្ញា​នេះ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក (​ស​.​ប​.​ព​) បាន​បដិសេធ​របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា (TIC) ស្ដីពី​សុចរិត​ភាព​ខ្សោយ​បំផុត​របស់​កម្ពុជា​។​
​ប្រធាន ស​.​ប​.​ព លោក ឱម យ៉ិ​ន ទៀង បាន​ថ្លែង​ដូច​ខាងលើនេះ​នៅក្នុង​ជំនួប​ជាមួយ​វិស័យ​ឯកជន​នៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​ទុក​របាយការណ៍​របស់​TIC ថា​មាន​លក្ខណៈ​ត្រួត​លើ​ស្ថាប័ន អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​ប្រការនេះ​លោក​មិនអាច​ទទួលយក​បានឡើយ​។​
​គួររំលឹកថា នៅក្នុង​របាយការណ៍រ​បស់ TIC ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​សិក្ខាសាលា នៅ​ថ្ងៃទី​០៩​កញ្ញា នេះ​នៅ​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ បានចាត់ទុក​វិស័យ​សាធារណៈ និង​ប្រព័ន្ធតុលាការ កម្ពុជា​បច្ចុប្បន្ន​នៅមាន​ភាពទន់ខ្សោយ​នៅឡើយ និង​តម្រូវ​ឲ្យ​មានការ​កែលម្អ​ច្រើន​ចំណុច​ទៀត​។​
​ទោះជា​យ៉ាងនេះ​ក្តី​របាយការណ៍​ខាងលើ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ​នូវ​រូបភាព​វិជ្ជមាន​ខ្លះ​របស់ ប្រទេស​កម្ពុជា ដូចជា បរិយាកាស​បើកចំហ​ដ៏​គួរ​ឲ្យ​លើកទឹកចិត្ត​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​
​រយៈពេល​២​ឆ្នាំកន្លងមក អង្គការ​តម្លាភាព​ប្រើពេល​ស្រាវជ្រាវ​ទៅលើ​ស្ថាប័ន​ចំនួន​១៣​រាប់​តាំងពី ស្ថាប័ន​តុលាការ អង្គភាព​ប្រឆាំង​អំពើពុករលួយ រហូតដល់​សង្គម​ស៊ីវិល និង​វិស័យ​អាជីវកម្ម ដែល​ត្រូវបាន​ចាត់ទុកជា​ស្ថាប័ន​ដែលមាន​សារៈសំខាន់​បំផុត ដើម្បី​ធានា​ឲ្យ​មាន​ប្រព័ន្ធ សុចរិត​ភាពរឹងមាំ​មួយ ក្នុងនោះ​ស្ថាប័ន តុលាការ​របស់​កម្ពុជា​ត្រូវបាន​ចាត់ថ្នាក់​ថា មាន​រូបភាព​មិនល្អ​​៕

Untitled-6                        ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព ស​.​ប​.​ព​