ដំរី​ញី​១​ក្បាល​ដើរ​រអិល​ធ្លាក់ចូល​រណ្តៅ​បាក់​.​ក​ងាប់ ខណៈ​ម្ចាស់​វា​នាំ​ទៅឱ្យ​ផឹកទឹក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2017 ក+ ក-

ដោយ ៖ ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ ៖ សត្វ​ដំរី​មេ​ធំ​មួយ​ក្បាល ដែល​ម្ចាស់​វា​តែងតែ​ជិះ សម្រាប់​ដឹក​ថ្នាំបុរាណ​ដើរ​លក់​ត្រូវបាន​ងាប់​គួរ​ឲ្យ​ស្តាយ​នៅពេល ដែល​ដំរី​មេ​មួយ​នេះ​ត្រូវបាន​ម្ចាស់​នាំយកទៅ​ឲ្យ​ផឹកទឹក​នៅពេល​មេឃ​កំពុង​រលឹម​ក៏​ដើរ​រអិល​ជើង​ធ្លាក់ចូល​រណ្តៅ​បង្គន់​ចាស់​នៅ​ខាងក្រោយ​វត្ត​ស្នួល ។​
​ដំរី​មេ​មួយ​ក្បាល​ដែល​គេ​សន្និដ្ឋានថា មាន​អាយុ​ច្រើន​ទៅហើយ​ដែរនោះ​បាន​ជួប​ហេតុ​ការធ្លាក់​រណ្តៅ​ងាប់​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែមិថុនា នៅពេលដែល​ម្ចាស់​ដំរី​បាន​ឈប់​លក់​ថ្នាំ និង​បាន​នាំ​ដំរី​ទៅ​សម្រាក​ជ្រក​ភ្លៀង​នៅក្នុង​វត្ត​ស្នួល នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ហើយក៏​ជួប​ហេតុការណ៍​ធ្លាក់​រណ្តៅ​ដោយសារតែ​រអិល​ជើង​តែម្តង ។​
​ក្រោយ​ជួប​ហេតុការណ៍​ងាប់​មួយថ្ងៃ សត្វ​ដំរី​មេ​ដ៏​ធំ​មួយ​ក្បាល​នេះ​ត្រូវបាន​ម្ចាស់​លើក​ស្ទូច ដឹក​តាម​រថយន្ត​នាំទៅ​រក្សាទុក​នៅ​ភូមិកំណើត​នៅ​ខេត្តមណ្ឌលគិរី តាម​ទំនៀមទម្លាប់រ​បស់បង​ប្អូន​ជនជាតិភាគតិច ។ ចំណែក​ពលរដ្ឋ​នៅក្នុង​ស្រុក​ស្នួល ក៏បាន​សម្តែង​ការសោកស្តាយ និង​អាណិត​យ៉ាង​ពន់ពេក ព្រោះ​កន្លងមក​សត្វ​ដំរី​ញី​មួយ​ក្បាល គឺ​ពួកគាត់​តែងតែ​ឃើញ​ម្ចាស់​របស់​វា បរ​ដើរ​លក់​ថ្នាំ​ស្ទើរ​គ្រប់កន្លែង ។​
​ប្រភពព័ត៌មាន​ពី​ស្រុក​ស្នួល​ឲ្យ​ដឹងថា ដំរី​មួយ​ក្បាល​នេះ​ត្រូវបាន​ម្ចាស់​ជា​ជនជាតិភាគតិច បាន​បរ​ពី​ខេត្ត​មណ្ឌល​គី​រី មក​ស្រុក​ស្នួល ជាច្រើន​ថ្ងៃ​មកហើយ​ដើម្បី​ដឹក​ថ្នាំបុរាណ​ដើរ​លក់​ដូច​តាម​ទម្លាប់​សព​ដង ។ ហើយ​នៅ​ល្ងាច​ថ្ងៃកើតហេតុ ពេល​មេឃ​កំពុង​រលឹម​ភ្លៀង ម្ចាស់​ដំរី​ក៏បាន​ដឹក​ដំរី​មួយ​ក្បាល​នេះ​នាំយកទៅ​ផឹកទឹក​នៅក្រោយ​វត្ត ហើយ​ដំរី​ក៏​រអិល​ជើង​បាក់​ក្តា​ធ្លាក់ចូល​ក្នុង​រណ្តៅ​បង្គន់​ចាស់​ដែលមាន​ទំហំ​ធំ​គួ​សម និង​មាន​ជម្រៅ​ជ្រៅ​បណ្តាល​ឲ្យ​រងរបួស​រហូតដល់​ងាប់​តែម្តង ៕

19415868_1894536764118218_185555979_n19416095_1894536770784884_271813376_n 19441336_1894536760784885_1666095916_n