តូក្យូ ៖ គិតត្រឹមថ្ងៃម្សិលមិញចំនួនមនុស្សស្លាប់បានកើនឡើងដល់២១នាក់ហើយ ខណៈដែលជាង២០នាក់ទៀតនៅតែបន្តបាត់ខ្លួននៅឡើយ ក្នុងគ្រោះទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុកមិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំមកនេះ ព្រមទាំងបង្កជាការអិលបាក់ដីផងដែរនៅកោះគ្យូស៊ុ ភាគខាងត្បូងប្រទេសជប៉ុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ។
កងកម្លាំងស្វ័យការពាររួមជាមួយភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាង ២,០០០នាក់ បាននិងកំពុងបន្តប្រតិបត្តិការនៅក្នុងខេត្ត Fukuoka និង ខេត្ត Oita ដែលស្ថិតនៅលើកោះគ្យូស៊ុ គ្រាដែលប្រជាជនប្រមាណ១,៧០០នាក់ កំពុងបន្តស្ថិតក្នុងទីជម្រកភៀសខ្លួនបណ្តោះអាសន្នដដែល។
ដោយឡែកបើតាមក្រសួងដែនដី និងដឹកជញ្ជូនជប៉ុន គ្រោះរអិលបាក់ដី បានកើតឡើង៤១កន្លែង និងគ្រោះទឹកជំនន់វាយប្រហារលើតំបន់ចំនួន៣៨ទីតាំងនៃខេត្ត Fukuoka, Kumamoto, Oita រួមទាំងខេត្ត Saga៕