ករណីធ្លាក់យន្តហោះយោធាអាមេរិក អ្នកស្លាប់កើនឡើងដល់១៦នាក់
វ៉ាស៊ីនតោន ៖ អាជ្ញាធរអាមេរិកបាននិយាយថា ចំនួនអ្នកស្លាប់ក្នុងករណីធ្លាក់យន្តហោះយោធាខ្នាតធំរបស់អាមេរិកមួយគ្រឿង នៅតំបន់ Leflore County នៃរដ្ឋ Mississippi នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) បានកើនឡើងដល់១៦នាក់ហើយ។ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ។
បើតាមនាយកទីភ្នាក់ងារគ្រប់គ្រងការសង្គ្រោះបន្ទាន់របស់យោធាអាមេរិក លោក Lee Smithson បានឲ្យដឹងថា យន្ដហោះដែលធ្លាក់នោះជាប្រភេទយន្ដហោះយោធាធុន C-130 និងផ្ទុកអ្នកដំណើរ១៦នាក់ ដែលត្រូវបានគេអះអាងថា បានស្លាប់បាត់បង់ជីវិតទាំងអស់។ ទោះបីយ៉ាងណារហូតមកទល់ពេលនេះពុំទាន់មានការបញ្ជាក់ណាមួយ ពីមូលហេតុបណ្តាលឲ្យយន្តហោះដឹកយោធានិងបរិក្ខារខ្នាតធំនេះធ្លាក់នៅឡើយទេ៕