មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្លែងថា ទីក្រុងមូស្គូកំពុងគិតពិចារណាលើការចាត់វិធានឆ្លើយតបជាក់ស្ដែងចំពោះការបណ្ដេញមន្ត្រីទូតរុស្ស៊ី៣៥នាក់ចេញពីទីក្រុងវ៉ាស៊ីនតោន ដោយរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីចុងឆ្នាំ២០១៦។ នេះបើតាមសារព័ត៌មាន Sputnik។
ការលើកឡើងរបស់លោក Sergei Lavrov បែបនេះធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯទីក្រុង Mauerbach ប្រទេសអូទ្រីស គ្រាដែលលោកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការ បរទេសនៃបណ្ដាប្រទេសជាសមាជិកអង្គការ OSCE (Organization for Security and Co-operation in Europe)។ ប្រមុខការទូតរុស្ស៊ីរូបនេះ បានគូសបញ្ជាក់ដូចច្នេះថា៖ «បច្ចុប្បន្ន យើងកំពុងគិតពិចារណាលើវិធានាការឆ្លើយតបជាក់ស្ដែងចំពោះការបណ្ដេញ មន្ត្រីទូតរុស្ស៊ី៣៥នាក់ …ហើយខ្ញុំក៏មិនគិតដែរថារឿងនេះត្រូវចេញផ្សាយជាសាធារណៈ»។
ដោយឡែកបើតាមសារព័ត៌មានរុស្ស៊ី Izvestia ទីក្រុងមូស្គូបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបណ្ដេញចេញមន្ត្រីទូតអាមេរិកជិត ៣០នាក់ ក៏ដូចជារឹបអូសទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា វិធានការទាំងនេះ អាចនឹងត្រូវធ្វើឡើងដើម្បីជាការសងសឹងទៅនឹងការសម្រេចចិត្ត របស់លោក បារ៉ាក់ អូបាម៉ា ដែលបានបណ្ដេញមន្ត្រីទូតរុស្ស៊ី៣៥នាក់ និងគ្រួសារ ចេញពីទីក្រុងវ៉ាស៊ីនតោន ក្រោមហេតុផលថាទីក្រុងមូស្គូ បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕