តួកគី ៖ សារព័ត៌មានស៊ិនហួចេញផ្សាយថា បុគ្គលិកស្ថានីយទូរទស្សន៍រដ្ឋ TRT ចំនួន៣៤នាក់ត្រូវបានតុលាការតួកគីបានចេញដីកាឃុំខ្លួនពាក់ព័ន្ធគាំទ្របុព្វជិត Fetullah Gulen កំពុងរស់នៅសហរដ្ឋអាមេរិក ដែលត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាលតួកគីថា ជាមេខ្លោងនៅពីក្រោយខ្នង នៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។
ដីកាចាប់ខ្លួន និងឃុំខ្លួននេះ ត្រូវបានចេញផ្សាយដោយការិយាល័យព្រះរាជអាជ្ញាទីក្រុង Ankara ដោយវាគឺជាផ្នែកមួយនៃការស៊ើបអង្កេតទៅលើក្រុមជនសង្ស័យត្រូវបានគេជឿជាក់ថា បានប្រើប្រាស់កម្មវិធី ByLock ជាកម្មវិធីផ្ញើសារមួយ ដែលរដ្ឋាភិបាលលើកឡើងថា វាជាកម្មវិធី ដែលក្រុមអ្នកគាំទ្រចលនា Gulenists ប្រើប្រាស់។
នៅក្នុងប្រតិបត្តិការមួយទៀត ក្រុមអាជ្ញាធរតួកគី បានបញ្ជាឲ្យចាប់ខ្លួនមនុស្សចំនួន១០៥នាក់ ដែលកំពុងធ្វើការនៅក្នុងវិស័យព័ត៌មានវិទ្យា ក្នុងនោះរួមទាំងអតីត បុគ្គលិកក្រុមប្រឹក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងក្រុមអាជ្ញាធរទូរគមនាគមន៍របស់តួកគីផងដែរ ដោយចោទប្រកាន់មានការពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីឆ្នាំមុន៕