ខេត្តស្ទឹងត្រែង ៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកថាឡាបរិវ៉ាត់ បានចុះទៅចាប់រថយន្តប្រភេទសាំយ៉ុង ដឹកឈើអារចំនួនពីរគ្រឿង ក្នុងចំណោមរថយន្តដឹកឈើច្រើនគ្រឿងទៀត នៅតាមបណ្តោយដងផ្លូវជាតិលេខ៩ ត្រង់ចំណុចបង្គោលលេខ៤៧៧ ពីខេត្តព្រះវិហារ មកខេត្តស្ទឹងត្រែង ស្ថិតនៅក្នុងសាស្ត្រ ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់។
មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា រថយន្តសាំយ៉ុងទាំងពីរគ្រឿងដែលរងការបង្ក្រាបនោះ គឺជារថយន្តដឹកឈើអារគ្មានច្បាប់អនុញ្ញាត ចេញពីមន្ត្រីជំនាញនោះទេ ហើយឈើទាំងនោះជាប្រភេទឈើសសរ និងគ្រឿងផ្ទះ ក្រុមដឹកឈើបានដឹកជញ្ជូនចេញពីក្នុងដែនដីស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងបំណងនាំយកទៅលក់នៅខេត្តផ្សេងៗទៀត។
យ៉ាងណាក៏ដោយ ក៏មានរថយន្តដឹកឈើដូចគ្នានេះជាច្រើនគ្រឿងទៀត បានបើកគេចយកឈើទៅលាក់ទុកនៅមុនពេលសមត្ថកិច្ចចុះទៅដល់ ខណដែលពួកគេហាក់ដឹងខ្លួនជាមុន ។ ក្រោយការបង្ក្រាប ទាំងឈើ និងរថយន្ត ត្រូវបាននាំយកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដើម្បីចងក្រងសំណុំរឿង ចាត់ការជាបន្ត។
ភ្នាក់ងាររាយការណ៍ថា សព្វថ្ងៃនេះក្នុង១ថ្ងៃៗមានរថយន្តប្រភេទសាំយ៉ុងមិនក្រោមពី១០គ្រឿងនោះទេ ដែលបានដឹកឈើចេញពីដែនសមត្ថកិច្ចព្រៃឈើស្រុកថាឡាបរិវ៉ាត់ ស្រុកសៀមប៉ាង និងសង្កាត់សាមគ្គី ឆ្លងកាត់សង្កាត់ស្ទឹងត្រែង និងអូរពងមាន់ ក្រុងស្ទឹងត្រែង ចូលទៅខេត្តជាប់ព្រំប្រទល់។
ភ្នាក់ងារបន្តថា តាមដងផ្លូវក្រុមរថយន្តដឹកឈើទាំងនោះ បើកបរយ៉ាងអាណាធិបតេយ្យពេញដងផ្លូវ ហើយគ្មានសណ្តាប់ធ្នាប់នោះទេ ដោយឆ្លងកាត់ដែនសមត្ថកិច្ចជាច្រើន តាំងពីស្រុក ចូលដល់ដីក្រុង រហូតឆ្លងផុតពីដែនដីខេត្តស្ទឹងត្រែង ដោយពុំមានសមត្ថកិច្ចណាបង្ក្រាបឡើយ ៕