កូនឈើ​ចម្រុះ​ប្រមាណ​ជិត​២​ពាន់​ដើម ដាំ និង​ចែក​ក្នុង​ថ្ងៃ​រុក្ខទិវា​០៩ កក្កដា ២០១៧
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2017 ក+ ក-

​ខេត្តក្រចេះ ៖ កូនឈើ​ចម្រុះ​ជិត​២​ពាន់​ដើម ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ ដាំ​និង​ចែក​ក្នុងឱកាស​ប្រារព្ធ​ពិធីបុណ្យ រុក្ខទិវា លើ​ទំហំ​ផ្ទៃដី ២​ហិកតា ។
​ពិធីបុណ្យ រុក្ខទិវា សម្រាប់​ឆ្នាំ​២០១៧​នេះ ត្រូវបាន​ធ្វើឡើង​នៅ​បរិវេណ​សាកលវិទ្យាល័យ​ក្រចេះ ឋិត​ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ក្រោម​វត្តមាន​លោក ខ័​ណ្ឌ ចំណាន អភិបាលរង​ខេត្ត និង​លោក គឹម ដូ សមាជិក​ក្រុមប្រឹក្សា​ខេត្តក្រចេះ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ មន្ត្រីរាជការ អង្គការ​សង្គម​ស៊ីវិល លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាច្រើន​ជាង​១​ពាន់​នាក់ ។​
​លោក ទ្រី សុភ​ក្រ័ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​ឲ្យ​ដឹងថា សម្រាប់​ឆ្នាំ​២០១៧​នេះ រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ បានជ្រើសរើស​កំណត់​យ​ក​ទីតាំង​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា​ថ្នាក់​ខេត្ត នៅ​នៅ​បរិវេណ​សាកលវិទ្យាល័យ​ក្រចេះ ហើយ​ប្រភេទ​ឈើ​ដែល​យកមក​ដាំ​នៅពេលនោះ ជា​ប្រភេទ​ឈើ​បេង គគី ឈើទាល ក្រញូង ធ្នង់ ស្ដៅ និង​ឈើ​ហូប​ផ្លែ​ជាច្រើន​ប្រភេទ សរុប​មាន​ចំនួន​១,៩៨៩​ដើម ។ លោក បាន​បន្តថា ការ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​រុក្ខទិវា​នាពេលនោះ គឺ​ក្នុង​គោលបំណង់ ដើម្បី​ស្ដារ និង​ដាំ​ឡើងវិញ​នូវ ប្រភេទ​ឈើ​មាន​រយៈពេល​វែង ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង សោ​ភ​ណ្ឌ័​ភាព​ទេសភាព ធម្មជាតិ បរិស្ថាន និង​ចូលរួមចំណែក​កាត់បន្ថយ ការឡើង កម្ដៅ​នៅក្នុង​ពិភព​ផែនដី និង​បម្រែបម្រួល​អាកាសធាតុ​។​
​លោក នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​បន្ត​បន្ថែមថា ការអភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​ព្រៃឈើ និង​ជីវៈចម្រុះ រដ្ឋបាល​ព្រៃឈើ​ក្រចេះ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ បានរៀបចំ​សួន​អាពាហ៍ពិពាហ៍​ចំនួន ៣​កន្លេង លើ​ផ្ទៃដី ០៨.៩៦​ហិកតា ។​
​លោក ទ្រី សុ​ភ័​ក្រ បាន​បញ្ជាក់ថា នៅ​ខេត្តក្រចេះ រុក្ខទិវា​ត្រូវបាន​ប្រារព្ធ​ធ្វើជា​លើកដំបូង​នៅ​ឆ្នាំ​១៩៩២ ហើយ​បាន​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ រហូតមកដល់​ឆ្នាំនេះ ហើយ​ដាំ​កូនឈើ​ចម្រុះ​បាន​សរុប​ចំនួន ១២០.៥៩៨​ដើម និង​បាន​ដាំ​នៅតាម​វត្ត​អារាម តាម​សាលារៀន និង​នៅតាម​ទីសាធារណៈ មួយចំនួនទៀត​។ លទ្ធផល​ខាងលើនេះ បានមក​ដោយ​ការខិតខំ​ប្រឹងប្រែង​ចូលរួម​ទាំង កម្លាំងកាយ និង​ចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និង​ដោយមាន​ការយកចិត្តទុកដាក់​ជួយឧបត្ថម្ភ​គាំទ្រ​ពី​អាជ្ញាធរ​រដ្ឋអំណាច​គ្រប់​ថ្នាក់ ។​
​លោក ខ័​ណ្ឌ ចំណាន អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ បាន​មានប្រសាសន៍ថា ធនធាន​ព្រៃឈើ បានផ្ដល់​នូវ​ពហុ​ប្រយោជន៍​មិនអាច​ប៉ាន់ប្រមាណ​បាន​ដល់​មនុស្សជាតិ​តាំងពីដើម​រហូតមក​។ ព្រៃឈើ​មិន​គ្រាន់តែ​មានតម្លៃ​ខាង​សេដ្ឋកិច្ច និង​សង្គម​តែប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ជួយ​ថែរក្សា​លំនឹង​បរិស្ថាន​ធម្មជាតិ ធ្វើ​ឲ្យ​ធាតុអាកាស​ល្អប្រសើរ​ឡើង រក្សា​និយតភាព​ប្រភពទឹក ការពារ​ទី​ជំរាល និង​ការពារ​ជីវចម្រុះ​ជាដើម​។ ព្រៃឈើ គឺជា​ប្រភព​ផ្ដល់​ការរស់រានមានជីវិត​ចំពោះ មនុស្ស សត្វ ដែលមាន​ជីវិត​នៅលើ​ភពផែនដី​យើង​នេះ​។​
​លោក​បាន​ថ្លែងបន្តថា កន្លងមក​ក៏ដូចជា​បច្ចុប្បន្ននេះ ខេត្តក្រចេះ បាន​ជួបប្រទះ​និង​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​បញ្ហា​ព្រៃឈើ ពិសេស​បញ្ហា​កាប់​រាន ដុត ឈូសឆាយដី​ព្រៃឈើ ពី​សំណាក់​ជនខិលខូច​ដែលមាន​អំណាច មាន​ទឹកប្រាក់ ដើម្បី​វាត​យក​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​យក​ប្រជាពលរដ្ឋ​ធ្វើជា​ខែល​តតាំង​ជាមួយ​អាជ្ញាធរ និង​តាមរយៈ​ការជួល​ផ្ទាល់ ឬ​ទិញ​បន្ត ក្នុង​តម្លៃថោក​។ ទន្ទឹម​នោះ​លោក​ក៏បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​លើក​កំពស់​ការយល់ដឹង​ឲ្យ​បានច្បាស់លាស់​ក្នុងការ​ថែរក្សា​ការពារ​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស​។ ម្យ៉ាងវិញទៀត ចំពោះ​កូនឈើ​ដែល​បាន​ហើយ ទាំង​នៅក្នុង​ចំការ ទាំង​នៅតាម​រមណីយដ្ឋាន និង​ទីកន្លែង​សាធារណៈ​ផ្សេងៗ សូម​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ និង​ប្រជាពលរដ្ឋ​នៅនឹងកន្លែង ចូលរួម​ថែរក្សា​ឲ្យ​បានជា​ប្រចាំ ដើម្បី​ឲ្យ​កូនឈើ​ទាំងនោះ​ដុះ​លូតលាស់​ធំធាត់​ឆាប់រហ័ស និង​ពុំ​បាត់បង់​ទៅវិញ​អាស្រ័យ​ដោយ​កត្តា​ផ្សេងៗ​នោះឡើយ​៕

20030959_1905362239702337_1811227854_n20045879_1905362216369006_2006063025_n 20068067_1905362203035674_1277534996_n 20068154_1905362206369007_747708569_n19720247_1905362243035670_818577265_o 20030865_1905362213035673_2019376480_n