ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ ក្រុមក្មេងទំនើងប្រុសស្រី២០នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនយកមកធ្វើការអប់រំក្រោយពីពួកគេប្រមូលផ្ដុំគ្នាធ្វើសកម្មភាពអុកឡុក បង្ករការរំខាន នៅតាមទីសាធារណៈ។
លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងបានប្រាប់អោយដឹងថា៖នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង២-០០នាទីរំលងអាធ្រាត្រ នៅថ្ងៃទី ១៦.ខែកក្កដា. ឆ្នាំ២០១៧ តាមដងផ្លូវ និងគោលដៅសំខាន់ៗនៅក្នុងក្រុងបាត់ដំបង ។ លោកបន្តថា៖ក្រុមក្មេងទំនើងត្រូវបានឃាត់ខ្លួននៅពេលនេះ គឺពួកគេតែងតែ ប្រមូលផ្ដុំគ្នាអុកឡុក បង្ករការរំខាននៅតាមសួនច្បារនាៗ ធ្វើអោយមានការភ័យខ្លាចយ៉ាងខ្លាំងដល់ការរស់នៅប្រជាពលរដ្ឋនិងប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់សាធារណះផងដែរ។
លោកបន្តទៀតថា៖នៅក្នុងកិច្ចប្រតិបត្តិការជាក់ស្ដែងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន២០នាក់ក្នុងនោះស្រី៦នាក់នឹងម៉ូតូចំនួន១០គ្រឿង ហើយក្នុងចំណោមក្រុមក្មេងទំនើងទាំង២០នាក់ សមត្ថកិច្ចជំនាញធ្វើតេស្តទឹកនោមរកសារធាតុញៀន បានរកឃើញអ្នកប្រើប្រាស់គ្រឿងញៀនចំនួន១២នាក់។
បច្ចុប្បន្ន៖ក្រុមក្មេងទំនើងទាំង២០នាក់ក្រោយពីឃាត់ខ្លួនអប់រំនៅការិយាល័យជំនាញនៃអធិការដ្ឋាននគរបាលក្រុងរួចមកនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រូវបានអាណាព្យាបាលរបស់ក្មេងៗទាំងនោះមកសុំទទួលយកទៅធ្វើការអប់រំបន្តបន្ថែមនៅផ្ទះរៀងៗខ្លួនផងដែរ៕