ម៉ូស៊ុល ៖ រថយន្តកែច្នៃចេញពីរថយន្តធម្មតាៗសម្រាប់ការប្រយុទ្ធគ្នារាប់សិបគ្រឿងរបស់ក្រុមភេរវករ ISIS ត្រូវបានកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់រឹបអូស និងដាក់តាំងបង្ហាញឲ្យនៅក្នុងទីក្រុងម៉ូស៊ុល មុនពេលដែលពួកវានឹងត្រូវបានកម្ទេចចោល។ នេះបើតាមសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។
កងទ័ព និងប៉ូលិសនៃប្រទេសអ៊ីរ៉ាក់បានរកឃើញ និងរឹបអូសរថយន្តសម្រាប់ការប្រយុទ្ធជាច្រើនគ្រឿង ដែលត្រូវបានប្រើប្រាស់ដោយក្រុមរដ្ឋអ៊ីស្លាម ISIS ក្នុងអំឡុងនៃការកាប់កាន់របស់ខ្លួនលើទីក្រុងម៉ូស៊ុល ខណៈទីក្រុងដ៏ធំទីពីររបស់អ៊ីរ៉ាក់នេះ ត្រូវរដ្ឋាភិបាលអ៊ីរ៉ាក់វាយរំដោះបានទាំងស្រុង ពីកណ្តាប់ដៃរបស់ក្រុមភេរវករនេះ កាលពីប៉ុន្មានថ្ងៃមុន។
គួរបញ្ជាក់ថា រថយន្តដែលរឹបអូសទាំងអស់មានចំនួន២៣គ្រឿង ដែលត្រូវបានកែច្នៃឡើងដោយពាសដែក៕