ខេត្តក្រចេះ ៖ រថយន្តកែច្នៃ និងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសគ្នាបានបង្កគ្រោះថ្នាក់ចរាចរណ៍បុកយ៉ាងពេញទំហឹងបណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ភ្លាមនៅនឹងកន្លែងកើតហេតុតែម្ដងនៅតាមដងផ្លូវជាតិលេខ៧ស្ថិតនៅចំណុចភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះកាលពីព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៧។
ប្រភពព័ត៌មានពីលោក ចាន់ ធី នាយផ្នែកចរាចរណ៍ស្រុកចិត្របុរីបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថា ភេទប្រុស អាយុ29ឆ្នាំជាអ្នកបើកបរម៉ូតូមានទីលំនៅភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះខេត្តក្រចេះ(ស្លាប់នៅហ្នឹងកន្លែងកើតហេតុ)។ ចំណែកអ្នកបើកបររថយន្តកែច្នៃបង្កមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ លោកបានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបររថយន្តកែច្នៃរេចង្កូតទៅបុកម៉ូតូដោយជិះ បញ្ជ្រាសទិសគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ភ្លាមនៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងទាំង២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរីដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕