ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ឃាត់ខ្លួនពីបទល្បួងក្មេងស្រីអាយុ១៤ឆ្នាំ រំលោភសេពសន្ថវៈ ខណៈដែលការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ នៅភូមិអូរឧកញ៉ាហេង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សាយ សៀន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរកម្មកររោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ជាកម្មកររោងចក្រដូចគ្នា។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៧ ម៉ោងប្រមាណ១៤ រសៀល ក្នុងរោងចក្របានលួងលោមរំលោភបាន១លើក ។ លុះដល់នៅថ្ងៃទី១៧ ខែកក្កដា ម៉ោង៩ព្រឹក នៅចំណុចភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង លួងលោមរំលោភបានសម្រេច១លើកទៀត។ លុះមកដល់ថ្ងៃទី១៨ ខែកក្កដា ជនរងគ្រោះបានមកប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ហើយសមត្ថកិច្ចបានទៅនាំខ្លួនជនសង្ស័យមកសួរនាំ និងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ៕