ប្រទេសថៃ ៖ តាមរបាយការណ៍មួយបានឲ្យដឹងថា តម្រួតថៃបានចាប់អាវុធត្បាល់ធុនធ្ងន់ និងគ្រាប់រ៉ុក្កែតមួយចំនួននៅក្នុងខេត្តស្រះកែវ ដែលអាវុធទាំងនោះត្រូវបានជនសង្ស័យឆ្លើយសារភាពថា បានយកពីខាងទឹកដីកម្ពុជាដោយភាគីខ្មែរជាអ្នកផ្តល់ឱ្យ ខណៈដែលជនសង្ស័យចំនួន៥នាក់បានធ្វើការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវទាំងនេះចេញពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃចូលទៅក្នុងប្រទេសថៃដោយបានឆ្លងកាត់ខេត្តស្រះកែវ ក៏ត្រូវកំលាំងស្ទាក់ចាប់តែម្តង ។
យោងតាមរបាយការណ៍ដែលយើងទទួលបានគឺនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ កំលាំងស្នងការដ្ឋានតម្រួតខេត្តស្រះកែវបានចុះសហការជាមួយកំលាំងអធិការដ្ឋាន ស្រុកអារញ្ញប្រាថេតនិងកំលាំងអធិការដ្ឋាន ស្រុកមឿងស្រះកែវ បានចេញប្រតិបត្តិការបន្ទាប់ពីទទួលបាននូវសេចក្តីរាយការណ៍ស្តីពីករណីជួញដូរអាវុធខុសច្បាប់ ។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនៅលើកំណាត់ផ្លូវលេខ៣៥៩ ក្នុងភូមិ៧ ឃុំស្រះខ្វាន់ ស្រុកមឿងស្រះកែវ ខេត្តស្រះកែវប្រទេសថៃ ខណៈដែលរថយន្តរបស់មុខសញ្ញាចំនួន៣គ្រឿងបានបង្ហាញខ្លួននៅ កន្លែងស្ថានីយ៍ប្រេងឥន្ធនៈខាងលើនេះ ។ ក្រោយពេលធ្វើការឡោមព័ទ្ធពីកំលាំងតម្រួតថៃគឺជនសង្ស័យចំនួន៥នាក់ត្រូវបានចាប់ខ្លួនដែលពួកគេទាំងនោះមានឈ្មោះ ទី១-ឈ្មោះ ផាណា ឆៃគង់ ភេទប្រុស អាយុ៣៨ឆ្នាំ, ទី២-ឈ្មោះ ប៊ុនថាំ ជ័យជំនះ ភេទប្រុស អាយុ៥២ឆ្នាំ, ទី៣-ឈ្មោះ ខុមសាន់ កិច្ចថាវ៉នអាជីព ភេទប្រុស អាយុ៣០ឆ្នាំ , ទី៤-ឈ្មោះ ឧទ័យ ជ័យជំនះ ភេទប្រុស អាយុ៤៨ឆ្នាំ និងទី៥-ឈ្មោះ មានជ័យ កាន់ប្រៈសុំ ភេទប្រុស អាយុ៣២ឆ្នាំ ។
សមត្ថកិច្ចបានឆែកឆេរ និងធ្វើការត្រួតពិនិត្យទៅលើរថយន្តទាំង៣គ្រឿងគឺបានរកឃើញវត្ថុតាងមួយចំនួនដែលសុទ្ធសឹងតែជាអាវុធធុនធ្ងន់ទាំងអស់ដែលក្នុងនោះរួមមាន កាំភ្លើងផ្លោងធុន៨២មីល្លីម៉ែត្រចំនួន២ដើម, កាំភ្លើងផ្លោងធុន៨១មីល្លីម៉ែត្រចំនួន១ដើម, គ្រាប់ផ្លោងធុន៨២មីល្លីម៉ែត្រចំនួន៣គ្រាប់, គ្រាប់រ៉ុក្កែតដុតឆ្នួនចំនួន៣ឈុត, រថយន្តចំនួន៣គ្រឿង និងទូរស័ព្ទដៃចំនួន៦គ្រឿង ។
កំលាំងតម្រួតថៃបានចាត់បញ្ជូនជនសង្ស័យរួមជាមួយនឹងវត្ថុតាង ទៅកាន់
ស្នងការ ខេត្តស្រះកែវ ក្នុងការសាកសួរបន្ថែមជុំវិញការនាំអាវុធដោយខុសច្បាប់នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងបន្តបើកការស្រាវជ្រាវថា តើអាវុធទាំងនេះយកមកពីប្រភពណា ហើយពួកគេនាំយកទៅណា អោយបានច្បាស់ ៕