កម្ពុជា​ត្រួតពិនិត្យ​ជំងឺ Ebola នៅ​ច្រក​អន្តរជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2014 ក+ ក-

ភ្នំពេញ​—​ប្រទេស​កម្ពុជា​បានដាក់​ពង្រាយ​ប្រព័ន្ធ​ត្រួតពិនិត្យ​ជំងឺ ឆ្លង​ចំនួន​បី​ប្រភេទ​យ៉ាង​គ្រោះថ្នាក់​ដល់​ជីវិត ហើយ​ដែល​កំពុង​រាតត្បាត​នៅ​ប្រទេស​ចិន នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា និង​នៅ​តំបន់​អាហ្វ្រិក​។
​វិធានការ​នេះ​ធ្វើឡើង ខណៈដែល​ជំងឺ Ebola កំពុង​រាតត្បាត​នៅក្នុង​ប្រទេស​ចំនួន​ប្រាំ​ក្នុង​ទ្វីបអាហ្វ្រិក ដែល​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​២.០៧៩​នាក់​យ៉ាងតិច​ស្លាប់ និង​ជិត​៤.០០០​នាក់​ផ្សេងទៀត​កំពុង​ឆ្លង​ជំងឺ​នេះ ហើយនឹង​ជំងឺ​ពីរ​ផ្សេងទៀត​មានដូចជា​ជំងឺផ្តាសាយបក្សី​ថ្មី (H7N9) ដែល​កំពុង​កើតមាន ជាពិសេស​នៅក្នុង​ខេត្ត​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន និង​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​នៅ​ម​ជ្ឈឹ​ម​បូព៌ា (Middle East Respiration Syndrome)​។ ជំងឺ​ពីរ​ចុងក្រោយ​នេះ​មាន​អត្រា​ស្លាប់​ខ្ពស់​ដែល​អ្នកជំងឺ​លើសពី​៥០ ភាគរយ​អាច​នឹង​ស្លាប់​បាន​។​

​លោក​វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល មានប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ប្រទេស​កម្ពុជា​បានដាក់​ពង្រាយ​នូវ​មន្ត្រី​របស់ខ្លួន​នៅតាម​ច្រកចេញ​នៃ ផ្លូវអាកាស​ចំនួន​ពីរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប និង​ច្រកចេញចូល​ផ្លូវគោក​ចំនួន​ពីរ​ដែលមាន​អ្នកទេសចរ​បរទេស​ចេញចូល ច្រើន​នៅ​ក្រុង​ប៉ោយប៉ែត និង​ក្រុង​បាវិត​។​
«​ចំពោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងពីរ យើង​បានដាក់​នូវ​ម៉ាស៊ីន​ស្ទង់កម្តៅ​ដល់​គ្រប់​អ្នកដំណើរ​ឆ្លងកាត់​។ ចំណែកឯ​ផ្លូវគោក​ទាំងពីរ មន្ត្រី​របស់​យើង​ប្រើ​នូវ​ប្រដាប់​បាញ់​ស្ទង់កម្តៅ​ត្រង់​ថ្ងាស​ដល់​គ្រប់ អ្នកដំណើរ​។ ជាមួយ​នោះដែរ​យើង​តម្រូវ​ឲ្យ​អ្នកដំណើរ ពេលដែល​គាត់​មកដល់ ត្រូវបំពេញ​ប័ណ្ណប្រកាស​សុខភាព​ដែល​ហៅថា ប័ណ្ណ​ស​»​។​
​ប័ណ្ណ​ព័ត៌មាន​នេះ​នឹង​ស្រង់​យក​អាស័យដ្ឋាន​ក្នុងប្រទេស​កម្ពុជា និង​ទំនាក់ទំនង​រួមទាំង​សាវតារ​នៃ​សុខភាព​របស់​អ្នកដំណើរ ដើម្បី​ងាយស្រួល​ក្នុងការ​តាមដាន​និង​ធ្វើ​អន្តរាគមន៍​។ ហើយ​មន្ត្រី​ព័ត៌មាន​នឹង​ផ្តល់​ប័ណ្ណ​លឿង​មួយ​ដល់​អ្នកដំណើរ​ទាំងនោះ សម្រាប់​ទាក់ទង​ពេលដែល​អ្នកដំណើរ​មាន​រោគសញ្ញា​។​
​ការដាក់​ប្រព័ន្ធ​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​នេះ​ធ្វើឡើង​ចាប់ តាំងពីដើម​ខែសីហា​មក​ម្ល៉េះ​។ រយៈពេល​ជាង​មួយខែ​មកនេះ មន្ត្រី​សុខាភិបាល​កម្ពុជា​មិនបាន​រកឃើញ​អ្នកជំងឺ​គួរ​ឲ្យ​សង្ស័យ​នៅឡើយ ទេ​។​
​ប្រទេស​ទាំង​ប្រាំ​នៅក្នុង​ទ្វីបអាហ្វ្រិក​ដែល​កំពុង​រង​ការវាយលុក ដោយ​ជំងឺ Ebola នោះ​គឺ​ប្រទេស​សេ​រា​ឡេ​អូន ប្រទេស​ហ្គី​ន​ណេ ប្រទេស​លី​បេ​រី​យ៉ា ប្រទេស នី​ហ្ស៊េ​រី​យ៉ា និង​ប្រទេស​កុង​ហ្គោ​។ ប៉ុន្តែ​ជំងឺ​នេះ​មិនទាន់​រាតត្បាត​ដល់​ទ្វីបអាស៊ី ឬ​នៅ​ប្រទេស​កម្ពុជា​នោះឡើយ​។​
​ដោយឡែក​ជំងឺផ្តាសាយបក្សី​ថ្មី (H7N9) នៅ​ប្រទេស​ចិន​និង​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​បានធ្វើ ឲ្យ​អ្នកជំងឺ​ស្លាប់​ជា​បន្តបន្ទាប់​។​
​លោក​វេជ្ជបណ្ឌិត លី សុវណ្ណ ផ្តល់យោបល់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើការ​ប្រុងប្រយ័ត្ន​ក្នុងការ ធ្វើដំណើរ​ទៅកាន់​ប្រទេស​ដែលមាន​ជំងឺ​យ៉ាង​គ្រោះថ្នាក់​ដល់​ជីវិត​នេះ​។​
«​ជំងឺ​នេះ​ជា​ជំងឺឆ្លង​ដោយសារ​ការប៉ះពាល់​ផ្ទាល់​ជាមួយនឹង​អ្នកជំងឺ Ebola​។ ដូច្នេះ​បើ​មិនចាំបាច់​ទេ គួរ​កុំ​ធ្វើដំណើរ​ទៅកាន់​តំបន់​ដែល​កំពុង​ផ្ទុះ​នៅ​ទ្វីបអាហ្វ្រិក​នោះ​។ ប៉ុន្តែ​បើ​អញ្ជើញ​ទៅ សូមកុំ​ទៅកាន់​តំបន់​ដែល​គេ​ប្រកាសថា មាន​ផ្ទុះ​នោះ កុំទៅ​សួរសុខទុក្ខ ឬ ទោះជា​ទៅក្នុង​ពិធី​បុណ្យសព​ក៏ដោយ​។ ចំពោះ​ជំងឺ​ពីរ​ទៀត គឺ​រាល់​អ្នកដំណើរ​ដែល​មក​ពី​ប្រទេស​ចិន ឬ​មកពី​ប្រទេស​នៃ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ដោយមាន​រោគសញ្ញា​ដូចជា​គ្រុនក្តៅ​៣៨​អង្សា មាន​ក្អក ឈឺ​ក បើ​មាន​សញ្ញា​ដូចជា​នេះ គួរ​ឲ្យ​សង្ស័យ​ហើយ​គួរ​អញ្ជើញ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ឲ្យ​គ្រូពេទ្យ វាយតម្លៃ​បន្ថែម​»​។​
​ជំងឺ​គ្រុន Ebola បាន​ផ្ទុះ​ឡើងជា​លើកដំបូង​នៅ​ឆ្នាំ​១៩៧៦​នៅ​ប្រទេស​ស៊ូដង់ និង​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។ ជំងឺ​នេះ​មាន​ប្រភព​នៅ​ជិត​ទន្លេ Ebola ទើបត្រូវ​បាន​គេ​ដាក់ឈ្មោះថា ជា​ជំងឺ​គ្រុន Ebola នេះ​។​
​ជំងឺ​នេះ​ឆ្លងតាម​ឈាម សរីរាង្គ ឬ​តាម​សារធាតុ​រាវ​នៃ​សត្វ​ដែល​ឆ្លង​ជំងឺ​នេះ​។​ដោយឡែក​ជំងឺ​ផ្លូវដង្ហើម ធ្ងន់ធ្ងរ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ឆ្លង​ដោយ​ការប៉ះពាល់ ឬ​ការបរិភោគ​សត្វ​អូដ្ឋ​មាន​ជំងឺ​។ រីឯ​ជំងឺផ្តាសាយបក្សី​ថ្មី (H7N9) ឆ្លង​ដោយ​ការប៉ះពាល់​សត្វ​ស្លាប​ដូច​ជំងឺផ្តាសាយបក្សី H5N1​ដែល​គេ​រកឃើញ​នៅ​ប្រទេស​កម្ពុជា​ដែរ​៕ ប្រភព ៖ VOA
Untitled-6មន្ត្រី​សុខាភិបាល​​ដែល​​​មាន​ពាក់​ឧបករណ៍​ការពារ​ខ្លួន​​ចូល​រួម​នៅ​ក្នុង​ការ​ហាត់​សាកល្បង​​​​ដឹក​ជញ្ជូន​អ្នក​ជំងឺ​ Ebola នៅ​ទី​ក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ឆ្នាំ​២០១៤។