ខឹងដេញ​កាប់​ប្រពន្ធ​មិនបាន​ ​បញ្ចេញ​កំហឹង​ដាក់​ម៉ូតូ​អ្នកដទៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2017 ក+ ក-

​ដោយ ៖ ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ ៖ នគរបាល​ស្រុក​ស្នួល បញ្ជូន​ខ្លួន​បុរស​ម្នាក់​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ កាលពី​ថ្ងៃទី​២៣ ខែកក្កដា​នេះ ក្រោយ​ពេលដែល​ជនសង្ស័យ​រូបនោះ បាន​បង្ក​ហិង្សា​ក្នុង​គ្រួសារ និង​បំផ្លេចបំផ្លាញ​ទ្រព្យសម្បត្តិ៍​អ្នកដទៃ និង​ព្យាយាម​រត់គេចខ្លួន​នោះ​។​
​លោក​វរសេនីយ៍ឯក ចាន់ សុ​គីម អធិការ​ស្រុក​ស្នួល បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា​នេះ​ថា កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ មាន​ករណី​ហឹ​ង្សា​មួយ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។ បង្កឡើង​ដោយ​បុរស​ជា​ប្តី​ឈ្មោះ គង់ សំអឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិខ្មែរ មកលើ​ប្រពន្ធ​ឈ្មោះ អឿន សំរស់ ហៅ ស្រី​នាង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ តែ​មិនបាន​សម្រេច​ក៏​បញ្ចេញ​កំហឹង​ដាក់​ម៉ូតូ​របស់​ឈ្មោះ ជិន ស៊ី​គួ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ដែលជា​អ្នកជិតខាង​រស់នៅ​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល​ជាមួយគ្នា បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង ។​
​លោក​អធិកា​ស្រុក​ស្នួល បញ្ជាក់​បន្ថែមថា ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ស្នួល បញ្ជូន​ខ្លួន​ទៅ​ស្ថាប័ន​អយ្យា​ការ​អម​សាលាដំបូង​រួចរាល់​ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ដើម្បី​យកទៅ​ផ្តន្ទាទោស​តាមច្បាប់ ។​
​បើ​យោងតាម​សម្តី​របស់​ស្ត្រី​រងគ្រោះ ត្រូវជា​ប្រពន្ធ ឈ្មោះ អឿន សំរស់ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​នោះ គាត់​បាន​ខ្ចី​ម៉ូតូ​មួយគ្រឿង​ពី​ឈ្មោះ​ជិន ស៊ី​គួ​ន ម៉ាក​ហុងដា​វេ​វ អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដើម្បី​ជិះ​ត្រឡប់ទៅផ្ទះ​ជាមួយ​កូនតូចៗ​០២​នាក់​។ លុះ​ត្រឡប់មក​ដល់ផ្ទះ​វិញ គាត់​ក៏បាន​ឃើញ​ប្តី​របស់ខ្លួន​ឈ្មោះ គង់ សំអឿន កំពុង​ផឹក​ស្រាស​តែម្នាក់ឯង​អស់​០២​លីត្រ ពេលនោះ​ប្តី​របស់គាត់ បានមក​រករឿង ។ ឃើញ​ដូច្នេះ​ស្ត្រី​រងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​ត្រឡប់​មកជៀរ​ជ័រកៅស៊ូ​វិញ​ដូច​ធម្មតា ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ប្តី​របស់គាត់​ក៏បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​ដោយមាន​កាន់​កាំបិតផ្គាក់ ហើយ​បាន​ដេញ​កាប់​ទៅលើ​រូបគាត់ ប៉ុន្តែ​គាត់​ដឹងខ្លួន​មុន​ក៏​រត់គេច​បាន​ទាន់ពេល ។ ពេលនោះ​ជនសង្ស័យ​ជា​ប្តី បាន​យក​កាំបិតផ្គាក់​កាប់​ទៅលើ​ម៉ូតូ​ដែល​ប្រពន្ធ​ជិះ​នោះ ធ្វើអោយ​ខូ​ត​ខាត​ទាំងស្រុង ដែលជា​ម៉ូតូ​ខ្ចី​ពី​ឈ្មោះ ជិន ស៊ី​គួ​ន ហើយ​នៅក្រោយពេល​បង្កហេតុ​រួច ជនសង្ស័យ​បាន​ព្យាយាម​រត់គេចខ្លួន ប៉ុន្តែ​គេច​មិន​ផុត​ត្រូវ​សមត្ថកិច្ច​តាម​ចាប់បាន​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​
​ប្រភព​ដដែល បាន​បញ្ជាក់ថា កន្លងមក​ប្តី​របស់គាត់​តែងតែ​ផឹកស៊ី​រករឿង និង​បាន​ប្រើ​អំពើហិង្សា​ទៅលើ​រូបគាត់​ជា​ញឹកញាប់​ផងដែរ ៕

20370835_1911054699133091_1335803367_n20270217_1911054679133093_1491733267_n 20271969_1911054692466425_2076011775_n 20292392_1911054675799760_1866079676_n