កូន​សត្វ​ត្រដក់​ធំ​ជិត​២០០​សំបុក​បាន​ញាស់​ចេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ មន្ត្រី​បរិស្ថាន​បាន​អះអាងថា យ៉ាងតិច​កូន​សត្វ​ត្រដក់​ធំ ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​ប្រមាណ​១៧៥​សំបុក​បាន​ញាស់​ចេញ​ដោយ​ជោគជ័យ​ក្នុងប្រទេស​កម្ពុជា ខណ​កូន​ត្រដក់​ធំ​ទាំងនោះ​ត្រូវបាន​មើលថែ​និង​ការពារ​ដោយ​យកចិត្តទុកដាក់​បំផុត ។​
​បើតាម​មន្ត្រី​ក្រសួងបរិស្ថាន​ឲ្យ​ដឹងថា កូន​សត្វ​ត្រដក់​ធំ​ជិត​ផុត​ពូជ ដែល​បាន​ញាស់​ចេញ​នេះ ស្ថិត នៅ​តំបន់​រ៉ា​ម​សារ ព្រែក​ទាល់ ស្ថិតក្នុង​ស្រុក​សង្កែ ខេត្តបាត់ដំបង និង​បាន​ហោះ​ចាក​ចេញពី​សំបុក​ទៅ​ទីជម្រក​ធម្មជាតិ​នានា​ក្នុងប្រទេស​កម្ពុជា​។​
​យោងតាម​ការចុះផ្សាយរ​បស់​ក្រសួងបរិស្ថាន សំបុក​សត្វ​ត្រដក់​ធំ​ទាំងនោះ បានទទួល​ការមើល​ថែ និង​ការពារ​យ៉ាង​យកចិត្តទុកដាក់ សម្រាប់​រយៈពេល​៦​ខែ​កន្លងទៅ ពី​សំណាក់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន ប្រជាជន​នៅ​ភូមិ​ព្រែក​ទាល់ និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS)​។​
​សូមជម្រាបថា សត្វ​ត្រដក់​ធំ​មាន​កម្ពស់​ដល់​ទៅ​១.៥​ម៉ែត្រ និង​ជា​ប្រភេទ​សត្វ ជិត​ផុត​ពូជ​លើ​ពិភពលោក ដោយមាន​ចំនួន​ចន្លោះ​ពី​៨០០​ទៅ​១​ពាន់​ក្បាល​ប៉ុណ្ណោះ​។ ដោយឡែក​នៅ​កម្ពុជា សត្វ​ត្រដក់​ធំ​នេះ មាន​ចំនួន​ពី​១៥០​ទៅ​២០០​គូ​ប៉ុណ្ណោះ ៕

20427778_1848813545436313_986491753_n