ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​ស៊ី​រី រង​ការវាយប្រហារ​ពី​ពួក​ភេរ​វករ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 August, 2017 ក+ ក-

​មូ​ស្គូ ៖ ក្រសួងការបរទេស​រុស្ស៊ី​បាន​អះអាងថា ស្ថានទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​ដា​ម៉ាស់​ប្រទេស​ស៊ី​រី​បាន​រង​នូវ​ការវាយប្រហារ​ពី​ពួក​ភេរ​វករ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik​។
​ក្រសួងការបរទេស​រុស្ស៊ី នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ការវាយប្រហារ​ភេរវកម្ម​លើ​ស្ថានទូត​រុស្ស៊ី ប្រចាំ ទីក្រុង​ដា​ម៉ាស់ ហើយ​យើង​សូមបញ្ជាក់​ឡើងវិញ​ថា រុស្ស៊ី​ចង់ឱ្យមាន​ការយកចិត្ត​ទុកដាក់​កាន់តែច្រើន​ឡើងលើ​ការវាយប្រហារ​របៀបនេះ របស់​ពួក​ភេរវ​ករ​ប្រឆាំងនឹង​សង្កាត់​ទីប្រជុំជន​ក្នុង ទីក្រុង​ដា​ម៉ាស់ និង​ប្រជាជន​ស៊ីវិល​ស៊ី​រី​…​ខណៈ​រៀងរាល់ថ្ងៃ​ជន​ស៊ីវិល ស្ត្រី​និង​កុមារ បាន​ក្លាយជា​ជនរងគ្រោះ​នៃ​អំពើ​ដ៏​សាហាវ​នេះ​»​។​
​ជាមួយគ្នានេះ​នៅក្នុង​សេចក្ដីថ្លែងការណ៍ ទីក្រុង​មូ​ស្គូ​ក៏បាន​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​លោកខាងលិច និង​អង្គការសហប្រជាជាតិ ប​ញេ្ច​ញ​ប្រតិកម្ម​លើ​ការវាយប្រហារ​ទាំងឡាយ​ណា​ប្រឆាំងនឹង​បេសកកម្ម​ទូត រុស្ស៊ី​នៅ​ស៊ី​រី​។​
​ទោះបីយ៉ាងណា​ពុំទាន់​មាន​សេចក្ដីរាយការណ៍​ណាមួយ​បញ្ជាក់​ពី​ជនរងគ្រោះ ឬ​ការខូចខាត​នៅឡើយ​ទេ​៕

fn-2017-08-02-21-31-47-0