អាហ្វហ្គានីស្ថាន ៖ ក្រុមតាលីបង់បានបើកការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីព្រឹកថ្ងៃពុធម្សិលមិញទៅលើក្បួនរថយន្តរបស់កងទ័ពអង្គការណាតូនៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីនាំពាក្យក្រុមតាលីបង់នៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានបានអះអាងថា រថពាសដែកចំនួន២គ្រឿងត្រូវបានបំផ្លាញ ហើយទាហានបរទេសចំនួន១៥នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅជាយទីក្រុងកាន់ដាហានៅប្រទេសអាហ្វហ្គានីស្ថាន។
ទោះយ៉ាងណាមន្ត្រីនាំពាក្យយោធាសហរដ្ឋអាមេរិកបានបញ្ជាក់ថា ពិតជាមានការវាយប្រហារបណ្ដាលឲ្យមនុស្សស្លាប់ពិតមែន ប៉ុន្តែមន្ត្រីនាំពាក្យរូបនេះមិនបានបញ្ជាក់ពីចំនួនច្បាស់លាស់ និងសញ្ជាតិជនរងគ្រោះនោះទេ។
គួរបញ្ជាក់ថា តាមធម្មតាក្រុមតាលីបង់តែងតែបំភ្លើសតួលេខនៃចំនួនអ្នកស្លាប់ក្រោយពីក្រុមរបស់ខ្លួនធ្វើការវាយប្រហារម្ដងៗ៕