ខេត្តបន្ទាយមានជ័យ ៖ បុរសជាកម្មករសំណង់ម្នាក់បានធ្លាក់ពីលើអគារការដ្ឋានមានកម្ពស់១៤ជាន់បណ្តាលឱ្យរងរបួសធ្ងន់ ក្រោយជណ្តើរយោងដាច់ខ្សែកាប។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចអគារការដ្ឋានសំណង់ក្នុងបរិវេណកាស៊ីណូក្រោន (ចំណុចហ្គេនទីង) ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះខាងលើឈ្មោះ គី ម៉ូសា អាយុ១៨ឆ្នាំ ជាខ្មែរអ៊ីស្លាម មានទីលំនៅក្នុងភូមិចាន់គិរីសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រងរបួសធ្ងន់បាក់ស្មងជើងស្តាំ-ពោះ និងបែកក្បាល ហើយត្រូវបានក្រុមកម្មករដូចគ្នា ជួយដឹកទៅកាន់មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ និងកម្មករផ្សេងទៀតសរុប៣នាក់ ជិះជណ្តើរយោងពីក្រោមទៅលើតែ២នាក់ បានចុះតាមជាន់ផ្សេងៗអស់នៅ តែជនរងគ្រោះបន្តឡើងទៅជាន់ទី១៤។ លុះទៅដល់ ស្រាប់តែដាច់ខ្សែកាបយោងធ្លាក់មកដីបង្ករបួសធ្ងន់ធ្ងរតែម្តង ។ ប្រភពបញ្ជាក់ថា ខ្សែកាបយោងនោះដាច់ជិតអស់យូរហើយ តែមិនឃើញមានការផ្លាស់ប្តូរទេ៕