តុលាការ​ដោះលែង​អ្នកកាសែត​២​នាក់​ឲ្យ​នៅក្រៅ​ឃុំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 August, 2017 ក+ ក-

​ខេត្តរតនគិរី ៖ អ្នកកាសែត​២​នាក់​ក្នុងចំណោម​៤​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្តរតនគិរី​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ក្រុម​ឈ្មួញ​ឈើ កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​តុលាការ​សម្រេច​ធ្វើការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ចំនួន​២​រូប ខណៈដែល​ការដោះលែង​នោះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១ ខែសីហា កន្លងទៅ​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​លោក សួស ឡា ប្រធាន​តុលាការ​ខេត្តរតនគិរី ។ លោក​ថា ការដោះលែង​នេះ​គឺ​ស្ថិតនៅលើ​ភស្តុតាង​។​
​អ្នកកាសែត​២​នាក់ ដែល​ត្រូវ​លែង​គឺ​ទី​១​មានឈ្មោះ ប៉េង សុថា​រ៉ា​ក់ អ្នកយកព័ត៌មាន ទូរទស្សន៍​អន​ឡាញ CPN និង​ទី​២​ឈ្មោះ ម៉ី មេញ​ហ៊ុយ អ្នកយកព័ត៌មាន​កាសែត​ដំណឹង​ភ្នំពេញ ។ ដោយឡែក​អ្នកកាសែត​២​រូប​ទៀត មិនទាន់​ត្រូវបាន​ដោះលែង​ទេ​។​
​គួររំលឹកថា កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ អ្នកកាសែត​ចំនួន​៤​នាក់ ដែលមាន ១-​ឈ្មោៈ យ៉​ន ទិ​ត្យ (​ហៅ​ទិ​ត្យ​ឦសាន​) និពន្ធ​នាយករង​សា​ព័ត៌មាន​យុវជន​ខ្មែរ​ព័ត៌មាន​, ទី​២-​ឈ្មោៈ ចាន់ រ៉ា ភេទ​ស្រី ភ្នាក់ងារ​ព័ត៌មាន TNM អន​ឡាញ​, ទី​៣-​ឈ្មោៈ ប៉េង សុថា​រ៉ា​ក់ ភ្នាក់ងារ​ព័ត៌មាន CPN អន​ឡាញ​និង​ទី​៤-​ឈ្មោៈ ម៉ី ម៉េ​ញ​ហ៊ុយ ភ្នាក់ងារ​គេហទំព័រ​កាសែត​ដំណឹង​ភ្នំពេញ ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ចាប់ខ្លួន​ពី​ទីតាំង​ផ្សេងៗ​គ្នា​តាម​បណ្តឹង​របស់​ក្រុម​ឈ្មួញ​ឈើ ពាក់ព័ន្ធ​នឹង​បទ​កំហែង​យក និង​ជំរិត​ទារប្រាក់​។​
​ទោះជា​យ៉ាងណា​ជុំវិញ​សំណុំរឿង​នេះដែរ សារព័ត៌មាន​យើង​នៅ​មិនទាន់​អាចទាក់ទង​សុំ​ការពន្យល់​ពី​លោក គង់ សាំង​ម៉េ​ញ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តរតនគិរី​បាន​នៅឡើយ​ទេ​។​
​គួរ​បញ្ជាក់ថា ករណី​ចាប់​អ្នកកាសែត​ខាងលើនេះ បានធ្វើ​ឲ្យ​អ្នកកាសែត​ភាគច្រើន​ផ្ទុះ​ការតវ៉ា​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់​ក្រសួង​ព័ត៌មាន ក្រសួងយុត្តិធម៌ និង​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយសារតែ​គេ​មើលឃើញថា ការចាប់ខ្លួន​អ្នកកាសែត​ទាំង​៤​នាក់​នោះ ធ្វើឡើង​ជាការ​ផ្គាប់ចិត្ត​ឈ្មួញ​ឈើ​ខុសច្បាប់ និង​ជាការ​គំរាម​អ្នកកាសែត ដើម្បី​កុំ​ឲ្យ​ឆាឆៅ​ក្រុម​ឈ្មួញ​ឈើ​តែប៉ុណ្ណោះ ៕

WhatsApp-Image-2017-08-03-at-10.55.54-AMWhatsApp-Image-2017-08-03-at-10.55.55-AM