ក្រុមហ៊ុន ហួតម៉េងរីតា ដែលកំពុងធ្វើសកម្មភាពប្រមូលទិញឈើប្រណីតពីប្រជាពល រដ្ឋ ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើឆ្លើយថា ជាក្រុមហ៊ុនមានច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវ ទើបគេហ៊ានធ្វើសកម្មភាពប្រមូលទិញឈើដោយចំហបែបនេះ។
តាមសេចក្តីរាយការណ៍ថា ក្រុមហ៊ុន ហួត ម៉េងរីតា កំពុងប្រមូលទិញឈើប្រណីតធ្នង់ ដែលប្រជាពលរដ្ឋបានចូលទៅកាប់ពីតំបន់ព្រៃសហគមន៍ ព្រៃបរិស្ថាន តំបន់ព្រៃស្អាក់ និងព្រៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែលស្ថិតនៅក្បែរទីតាំងឃ្លាំងរបស់ក្រុមហ៊ុន។ មិនតែប៉ុណ្ណោះក្រុមហ៊ុន ក៏បានធ្វើការប្រមូលពីទិញពីអ្នកភូមិជាច្រើនទៀត ដែលចូលទៅកាប់ឈើដឹកចេញពីព្រៃជាប់តំបន់ព្រំដែនក្នុងទឹកកម្ពុជា ហើយដឹកតាមរថយន្តកាមរីប្រភេទ ច្នៃ ឬរថយន្តផ្សេងៗ យកទៅស្តុកទុកនៅក្នុងទីតាំងឃ្លាំងរបស់ក្រុមហ៊ុនតែម្តង ដែលនៅជាប់នឹងផ្លូវជាតិលេខ៦៨B ក្បែរស្នាក់ការផ្នែករដ្ឋបាលព្រៃឈើ ចំណុនចអណ្តូងបី ក្នុងភូមិ អូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
នៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ លោក ឃុន ប៊ុនហេង នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ បានបំភ្លឺតាមទូរស័ព្ទថា ឈើដែលស្តុកទុកនៅក្នុងឃ្លាំងក្រុមហ៊ុន ហួត ម៉េងរីតា មានអាជ្ញាប័ណ្ណច្បាប់ត្រឹមត្រូវនិងមានលិខិតស្នាម ក្នុងការប្រមូលទិញឈើ។
គួរបញ្ជាក់ថា តាមឱ្យដឹងពីប្រជាពលរដ្ឋម្នាក់ មានផ្ទះនៅក្បែរស្នាក់ការក្រុមហ៊ុនបាននិយាយថា រាល់ថ្ងៃគេសង្កេតឃើញមានរថយន្តប្រភេទកាមរី និងរថយន្តប្រភេទពីរបាំង បានដឹកឈើចូលទៅទម្លាក់ក្នុងឃ្លាំងក្រុមហ៊ុន ដែលភាគច្រើនសុទ្ធតែជាប្រភេទឈើធ្នង់ស្តុកទុកប្រហែលជា ៤០ ទៅ៥០ម៉ែត្រគូប។ ហើយបើតាមការបញ្ជាក់ពីមន្ត្រីក្នុងស្រុកម្នាក់ឱ្យដឹងថា ដីព្រៃ ក្នុងដែនក្រុមហ៊ុន គឺពុំមានដីព្រៃនៅសេសសល់នោះទេ តែក្រុមហ៊ុនបានប្រមូលទិញឈើពីប្រជាពលរដ្ឋដែលកាប់ពីតំបន់អភិរក្សផ្សេងៗ ក្នុងស្រុកអន្លង់វែង ក្រៅពី ដីព្រៃដែលជាសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន រួចដឹកទៅស្តុកទុកនៅទីតាំងឃ្លាំង ដោយ សំអាងលើអាជ្ញាប័ណ្ណដីសម្បទានរបស់ខ្លួន ដែលរាជរដ្ឋាភិបាលសម្បទានឱ្យ៕
ក្រុមហ៊ុន ហួត ម៉េងរីតា សម្រុកដឹកឈើប្រណីតចេញពីដែនជម្រកសត្វព្រៃគូលែន តែរដ្ឋបាលព្រៃឈើថា ឈើគេមានច្បាប់