ស្រុក​ចុងកាល់ ​គ្រោង​ជីក​ប្រឡាយទឹក​បន្ថែម ដើម្បី​បញ្ចៀស​ភាពរាំងស្ងួត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2017 ក+ ក-

​ទោះបី​ជាមាន​ប្រឡាយទឹក​ស្រោចស្រប​តែ​កំពុងតែ​បង្ហូរទឹក ដែល​សាងសង់​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឆ្លងកាត់​ដល់​វាលស្រែ ប្រជាពលរដ្ឋ​ប្រមាណ​ជា​៤៥០​ហិច​តា ស្ថិតក្នុង​ភូមិ​ចំនួន​២ គឺ​ភូមិ​តា​ណូ​ក និង​ភូមិ​ឆ្កែស្រែង ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ រួចហើយ​ក្តី ក៏​ប្រព័ន្ធធារាសាស្ត្រ​ទាំងនោះ នៅ​មិនទាន់​អាច​ស្រោចស្រប បាន​គ្រប់​ដីស្រែ​របស់​ប្រជាកសិករ​ទាំងអស់​នៅឡើយ​ទេ​។​
​លោក យ៉ឺ​ន គួ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចាប់ពី​ឆ្នាំនេះ​ទៅមុខ គឺ​ប្រជាកសិករ មិន​ខ្វះ​ទឹក​ធ្វើស្រែរ​នោះទេ ដោយ​ក្រសួង​បាន​សាងសង់​រួចរាល់​ហើយ នូវ​ទំនប់​សំរាប់​ស្តុក​ទឹក​ចំនួន​៥ គឺ​ទី​១ ទំនប់​អាងទឹក​០៥ ស្ថិតក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ដោយ​ទឹក​ហូរ​ចុះ​ពីលើ​ភ្នំ​ដងរែក​ចូលមក បន្ត​ហូរ​ចូល​ទំនប់​អាងទឹក​ទី​២ គឺ​អាង​ស្តុក​ទឹក​បឹង​តា​ម៉ុក ស្ថិត​ក្នុ​ស្រុក​អន្លង់វែង ដែល​បន្ត​ហូរ​ចូល​ទំនប់​អាងទឹក​ទី​៣ គឺ​ទំនប់​ថ្មី ស្ថិត​ក្នុងស្រុក​អន្លង់វែង​ដូចគ្នា ហើយ​បន្ត​ហូរ​ចូល​ទំនប់​ទី​៤ គឺ​ទំនប់​អាងទឹក​ស្ទឹង​ស្រែង​ពីរ និង​ទំនប់ទឹក​ទី​៥ គឺ​ទំនប់​អាងទឹក​ស្ទឹង​ស្រែង​មួយ ស្ថិតក្នុង​ស្រុក​ចុងកាល់​។​
​ប្រធាន​មន្ទីរ​បាន​បន្តថា អាង​ស្តុក​ទឹក​ទាំង​៥ ខាងលើ មាន​សារសំខាន់ ក្នុងការ​ស្តុក​ទឹក​សំរាប់​ប្រើប្រាស់​គ្រប់​រដូវ​ផងដែរ​។ ដោយ​គំរោង អាជ្ញាធរ និង​មន្ត្រី​ជំនាញ​កំពុង​ចុះ​ពិនិត្យ​ជីក​ប្រឡាយ​ប្រវែង​១៧​គីឡូម៉ែត្រ ចាប់ពី​ទំនប់​អាងទឹក​ស្ទឹង​ស្រែង​មួយ ក្នុង​រំដោះ​ទឹក បន្តទៅ​ចែកចាយ​ជា​ពីរ តាម​ប្រឡាយទឹក ដោយ​ចូលទៅក្នុង​ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ ឆ្លងតាម​ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​លោក​បន្តថា ទោះបី​ជាមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​ក្តី តែមាន​ដីស្រែ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចុងកាល់ ដីស្រែ​ខ្លះ​មានទឹក និង​មាន​ស្រែ​ខ្លះ​គ្មាន​ទឹក ព្រោះ​ជា​ដី​ទីទួល​ដូច្នេះ ហើយ ទើប​ក្រសួង​ផ្តល់នូវ​ម៉ាស៊ីនបូមទឹក ជូន​ប្រជាពលរដ្ឋ​ជា​បណ្តោះអាសន្ន ក្រោយពី ប្រឡាយ​មេ​នៅ​សងខាង​ផ្លូវ ប្រជាពលរដ្ឋ​អាច​ជីក​ប្រឡាយ បន្ត​តាម​ស្រែរ​របស់ខ្លួន​នីមួយៗ ដើម្បី​នាំ​ទឹក​ស្រោចស្រប​គ្រប់កន្លែង​បាន​៕

Untitled1234