ខេត្តក្រចេះ ៖ មេព្រៃសង្កាត់ស្នួល ចាប់បានរថយន្តសាំយ៉ុង០១គ្រឿងក្នុងចំណោម០២គ្រឿង របស់ថៅកែឈើឈ្មោះ ចែ មុំ ហៅម៉ាប់ ខណៈដែលមេព្រៃសង្កាត់ថ្មគ្រែ កំពុងតែសប្បាយចិត្តដេកចាំយកលុយ តែមិនបង្ក្រាប។
កាលពីវេលាម៉ោង៤ នឹង៣០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ មេព្រៃសង្កាត់រដ្ឋបាលព្រៃឈើស្នួល សហការជាមួយកម្លាំងនគរបាលស្រុកធ្វើការចាប់ឃាត់រថយន្តដឹកឈើសុក្រមឃ្លុម បួនជ្រុងទ្រវែងមានមុខកាត់៣០ទៅ៤០សម និងប្រវែង៣ម៉ែត្រទៅ៣ម៉ែត្រកន្លះ ១គ្រឿង ក្នុងចំណោមរថយន្ត២គ្រឿង ស្ថិតនៅចំនុចភូមិស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយដឹកលោតឆ័ត្របំរុងយកទៅលក់ក្នុងប្រទេសវៀតណាម តាមច្រកត្រពាំងស្រែ ។
ប្រភពច្បាស់ការណ៍ បានអោយដឹងថា រថយន្តដឹកឈើខាងលើនេះ គឺបានដឹកឈើចេញពីចំនុចកាកុត ឃុំសំបុក ស្រុកចិត្របុរី ដោយដឹកឆ្លងកាត់មុខសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ តាមផ្លូវជាតិលេខ៧ ក្រចេះ ស្នួល លោតឆ័ត្រគ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញឡើយ បំណងយកទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែគេមិនដែលឃើញមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែណាម្នាក់ ចុះបង្ក្រាបចាប់រថយន្តបានម្តងឡើយ។ ផ្ទុយទៅវិញ គឺចាំតែដេកយកលុយបទល្មើស ជាពិសេសរថយន្តដឹកឈើរបស់ចែ មុំ ហៅម៉ាប់ នេះតែម្តង ដឹកជញ្ជូនរាល់យប់ប៉ុន្តែមិនដែលឃើញមេព្រៃថ្មគ្រែបង្ក្រាបបានម្តងទេ មិនដឹងថាយ៉ាងម៉េច? ប៉ុន្តែជាអកុសល ត្រូវបានជាប់អន្ទាក់សមត្ថកិច្ចចម្រុះនៅទីរួមស្រុកស្នួល ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ។
ប្រភពពីសមត្ថកិច្ច បានខ្សឹបប្រាប់អោយភ្នាក់ងារមេគង្គប៉ុស្ដិ៍ ដឹងថា រថយន្តដឹកឈើល្មើសច្បាប់ខាងលើនេះ គឺជាកម្មសិទ្ធរបស់ស្ត្រីជើងខ្លាំងម្នាក់ឈ្មោះចែ មុំ ហៅ ចែម៉ាប់ ដែលមានប្តីឈ្មោះ ធី រស់នៅភូមិអន្តែងដូន សង្កាត់ក្រគរ ក្រុងក្រចេះ និងជាឈ្មួញឈើដុះស្លែរយូរឆ្នាំមកហើយ គ្មានសមត្ថកិច្ចជំនាញ ឬស្ថាប័នពាក់ព័ន្ធណាហ៊ានបង្ល្រាបឡើយកន្លងមក ព្រោះតែអំណាចមាន បងប្អូន ធ្វើការធំនៅក្នុងខេត្តក្រចេះ ហើយតែងតែជេរបញ្ចោរ និងប្រើសម្តីមើលងាយមើលថោកមកលើសមត្ថកិច្ចរហូតនាពេលកន្លងមក ប៉ុន្តែថ្ងៃនេះត្រូវអស់លក្ខណ៍ ជាប់អន្ទាក់មេព្រៃសង្កាត់ស្នួលតែម្តង ។
លោក ឡាយ ធុច នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួលបានបញ្ជាក់អោយដឹងថា ក្នុងការចាប់ឃាត់រថយន្តដឹកឈើល្មើសច្បាប់ខាងលើ គឺសមត្ថកិច្ចមិនបានឃាត់អ្នកបើកបរឬម្ចាស់ឈើបាននោះឡើយ ព្រោះថា ពួកគេបាន រត់គេចខ្លួនបាត់មុនពេលកម្លាំងចម្រុះមកដល់ ។
លោកបានបន្តទៀតថា ពេលនេះទាំងរថយន្ត និងឈើល្មើសច្បាប់ត្រូវបានកម្លាំងមន្ត្រីរដ្ខបាល ព្រៃឈើនាំមកកាន់ស្នាក់ការសង្កាត់រដ្ឋបាល ព្រៃឈើស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ ក្រោយពេលត្រួតពិនិត្យជាក់ស្តែងឃើញថា ឈើក្នុងរថយន្តមានចំនួន០៩ដុំ ហើយវាស់ឃើញបរិមាណជិត២ម៉ែត្រគូប ៕