សិស្ស​ថ្នាក់​ទី​១២​ក្នុងស្រុក​លើកដែក អាច​ប្រឡង​ជាប់​ច្រើនជាង​ឆ្នាំមុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 August, 2017 ក+ ក-

​ខេត្តកណ្តាល ៖ កាលពី​ការប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៦​កន្លងទៅ​ស្រុក​លើកដែក ខេត្តកណ្តាល​មាន​សិស្ស​ដែល​បាន​ប្រឡង​ជាប់​ក្នុង​អត្រា ៥៣,៨៧% តែ​សម្រាប់​ឆ្នាំ​២០១៧​នេះ ការិយាល័យ​អប់រំ​ស្រុក​មានជំនឿថា អត្រា​នៃ​ការប្រឡង​ជាប់​របស់​សិស្ស​អាច​កើន​ខ្ពស់ជាង​ឆ្នាំ ទៅ​មិញ ដោយហេតុថា​បេ​ក្ខ​ជ​ហាក់​មានការ​ត្រៀមលក្ខណៈ​គ្រប់គ្រាន់ ពិសេស​ពួកគេ​ទទួល បានការ​រៀន​បំប៉នបន្ថែម​ពិសេស​ចាប់តាំងពី​ខែកុម្ភៈ​រហូតដល់​ខែសីហា​នេះ​។​
​ ​ប្រធានការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​លើកដែក ខេត្តកណ្តាល លោក រុន ប៉ូ​លី ក្នុង​ពិធី​ចែក​រង្វាន់​ជ័យលាភី​សិស្ស​ពូកែ​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ និង​ពិធី​សំណេះសំណាល ជាមួយ​សិស្ស​ថ្នាក់​ទី​១២ ត្រៀមប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ស្រុក​លើកដែក ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក ហេង រតនា ប្រតិភូ​រាជ​រដ្ឋា​ភិ បាល​ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កំចាត់មីន​កម្ពុជា​(CMAC) និង​ជា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​លើកដែក​បាន​ឲ្យ​ដឹងថា​នៅ​ទូទាំង​ស្រុក​មាន​សិស្ស​ត្រូវ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​សរុប​ចំនួន ២៧៧​នាក់​(​ស្រី ១៤៧​នាក់​)​។ លោក ថា សម្រាប់​ការប្រឡង​នេះ​បេក្ខជន​ហាក់បី​មានការ​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​អស់ហើយ ដោយ ពួកគេ​បានទទួល​ការ​បំប៉នបន្ថែម​ពិសេស​រយៈពេល ២០​សប្តាហ៍​ចាប់ពី​ខែកុម្ភៈ​ដល់​ខែសីហា នេះ ដែល​នាំ​ឲ្យ​ការិយាល័យ​អប់រំ​ស្រុក​មានជំនឿថា​ឆ្នាំនេះ​សិស្ស​ថ្នាក់​ទី​១២ នៅ​ស្រុក​លើក ដែក​អាច​នឹង​ប្រឡង​ជាប់​ក្នុង​អត្រា​ខ្ពស់ជាង​ឆ្នាំមុន​។​
​ ​លោក ហេង រតនា មានប្រសាសន៍ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃទី​២១ ខែសីហា​ខាងមុខនេះ គឺជា​ម៉ែត្រ​សម្រាប់​វាស់​ស្ទង់​សមត្ថភាព​របស់​ក្មួយៗ​សិស្ស ថ្នាក់​ទី​១២​ផង និង​ជាការ​បើកផ្លូវ​ឲ្យ​ក្មួយៗ​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ផង​នេះ​បើ​
​ក្មួយៗ​ប្រឡង​ជាប់​។ លោក​បាន​បញ្ជាក់ថា នៅពេលនេះ​ប្រទេសជាតិ​មាន​សុខសន្តិភាព មានការ​អភិវឌ្ឍ ជីវភាព​គ្រួសារ​របស់​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរឡើង ក្មួយៗ​ជា​កុមារ និង យុវជន​មាន​ពេលវេលា​គ្រាប់​គ្រាន់​ក្នុងការ​សិក្សា​រៀនសូត្រ ហើយ​ថា​ក្នុង​វ័យ​សិក្សា និង​ជា​អ្នក កំពុង​សិក្សា​ក្មួយៗ​ត្រូវ​ផ្ចង់ស្មារតី​ទៅលើ​ការសិក្សា​ឲ្យ​បាន​ច្រើនជាង​បញ្ហា​អ្វីៗ​ផ្សេងទៀត​នោះ ទើប​ជាការ​ជោគជ័យ​។​
​ ​ប្រតិភូ​រាជរដ្ឋាភិបាល ហេង រតនា បានលើកឡើង​ពី​ការកែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​នៅក្នុង​វិស័យ​អប់រំ​ដើម្បី​ពង្រឹងគុណភាព​អប់រំ ពង្រឹងគុណភាព​នៃ​ការ កសាង​ធនធានមនុស្ស ពិសេស​ការ​រឹតបន្តឹង​នៅក្នុង​ការប្រឡង​សម​ដូច​ក្រសួង​អប់រំ យុវជន និង​កីឡា​បានបញ្ជាក់​ច្បាស់ៗ​ថា ចេះ​ជាប់ មានន័យថា ចេះ​គឺ​ប្រឡង​ជាប់​៕

Untitled