ភ្នំពេញ ៖ លោក ឃួង ស្រេង បានស្នើដល់រដ្ឋបាលខណ្ឌទាំង១២ ត្រូវត្រួតពិនិត្យទីតាំងកុងស៊ីបញ្ចាំ ដែលគ្មានច្បាប់អនុញ្ញាត ត្រូវចាត់វិធានការ ណែនាំឲ្យម្ចាស់អាជីវកម្ម ត្រូវបញ្ឈប់ បិទកុងស៊ីបញ្ចាំ ដែលគ្មានច្បាប់អនុញ្ញាត ត្រូវចាត់វិធានការបិទភ្លាម និងណែនាំឲ្យម្ចាស់អាជីវកម្មត្រូវបញ្ឈប់ជាបន្ទាន់ ឬ ទៅសុំច្បាប់សាជាថ្មី ដោយមន្ត្រីទាំងអស់ អនុវត្តការងារនេះឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានលើកឡើងបែបនេះក្នុងពេលលោកដឹកនាំកិច្ចប្រជុំ ស្តីពី ការធ្វើឲ្យមានវឌ្ឍនភាព នៃការតម្លើងកាម៉េរាសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពីលោកអភិបាលខណ្ឌទាំង១២និងប្រធានមន្ទីរជំនាញជាមួយតំណាងក្រុមហ៊ុនឯកជនទាំងពីរខាងលើកាលពីព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០១៧នៅរដ្ឋបាលរាជធានីភ្នំពេញ។
លោកអភិបាលបញ្ជាក់ទៀតថា ក្នុងករណីដែលមិនព្រមស្តាប់តាមការណាំនាំទេ អភិបាលខណ្ឌខ្លួនឯងត្រូវមានវិធានការរដ្ឋបាល បិទទីតាំងកុងស៊ីបញ្ចាំនោះតែម្តង។ ដូចគ្នានេះដែរបើទោះជាទីតាំងហាងបញ្ចាំ ឬ ក៏កុងស៊ីបញ្ចាំ មានច្បាប់ក៏ដោយ ត្រូវធ្វើការត្រួតពិនិត្យផងដែរ ដើម្បីអោយដឹងថា ការអនុវត្តច្បាប់លើកុងស៊ីបញ្ចាំ នេះមានលក្ខណគ្រប់ជ្រុងជ្រោយហើយឬនៅ? ។
លោកអភិបាលបានលើកជាឧទារណ៍ ចំពោះកុងស៊ីរបស់ពួកគាត់មានច្បាប់អនុញ្ញាតត្រឹមត្រូវ ក្នុងការប្រកបអាជីវកម្មបញ្ចាំ ប៉ុន្តែមានករណីយករបស់របរ រថយន្ត ម៉ូតូ ដោយគ្មានលិខិតស្នាមបញ្ជាក់អំពីភាពជាម្ចាស់ទ្រព្យសម្បត្តិទាំងអស់នេះ ដោយកុងស៊ីមួយចំនួនក៏ទទួលយកដែរ ។ បញ្ហានេះជាការបង្ហាញអំពីការមិនទទួលខុសត្រូវចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ដូចជាករណីចោរលួច ចោរប្លន់ ក្រោយពេលធ្វើសកម្មភាពបានហើយ គឺមិនមានឯកសារលើទ្រព្យសម្បត្តិនោះទេ ហើយកុងស៊ីទាំងអស់នោះហើយ គឺជាអ្នករកស៊ីទទួលបញ្ចាំនិងទិញផលចោរកម្មនេះ ។
យ៉ាងណាលោកអភិបាលរាជធានី បានសង្កត់ធ្ងន់ចំពោះរដ្ឋបាលខណ្ឌទាំងអស់ ត្រូវលុបបំបាត់ និងធ្វើការងារនេះឲ្យបានស្អាត ក្នុងរយៈពេលយ៉ាងយូរ២សប្តាហ៍ ហើយការកំណត់ រយៈពេល២សប្តាហ៍នេះ គឺដើម្បីឲ្យខណ្ឌទាំង១២ ចាត់តាំងអនុវត្តន៍ ទៅលើការងារកុងស៊ីបញ្ចាំនេះ ឲ្យមានប្រសិទ្ធភាព និងចៀសឲ្យបាននិងបញ្ឈប់វប្បធម៌អន្តរាគមន៍។
សូមបញ្ជាក់ផងដែរថា ក្រោពីមានបទបញ្ជានេះ មានហាងបញ្ចាំខ្លះ រត់គេចដោយដឹកម៉ូតូចេញទៅខណ្ឌក្រៅក្រុង ប៉ុន្តែត្រូវបាន លោក ឃួង បញ្ជាភ្លាមដល់អភិបាលខណ្ឌទាំងអស់ ត្រូវតែតាមចាប់ឲ្យបានទាំងម្ចាស់ និងអ្នកនៅពីក្រោយខ្នង ។ អនុវត្តតាមការណែនាំនេះ នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ អាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយ លោក ប៉ាង លីដា អភិបាលខណ្ឌ បានចុះឆែកឆេរ និងត្រួតពិនិត្យហាងបញ្ចាំក្នុងមូលដ្ឋាន បានរកឃើញម៉ូតូគ្មានលិខិតស្នាមត្រឹមត្រូវចំនួន៤២គ្រឿង បញ្ជូនទៅប៉ូលីសក្រុង ហើយកុងស៊ីដែលមិនមានច្បាប់អនុញ្ញាតិក៏ត្រូវបានបិទអាជីវកម្មបណ្តោះអាសន្នផងដែរ។
ដោយឡែកខណ្ឌសែនសុខ ដឹកនាំដោយ លោក ប៉ឹល កុសល អភិបាល បានបង្កើតគណៈកម្មការចំរុះចុះឆែកឆេ ឃ្លាំងរក្សាទុកនូវម៉ូតូនិងរថយន្ត របស់ហាងទទួលដាក់បញ្ចាំ ឬហៅថា”កុងស៊ី”មួយកន្លែង រកឃើញម៉ូតូនិងឡាន៨៤គ្រឿង នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលគេសង្ស័យថា មិនស្របច្បាប់ ឬ អាចមានការពាក់ព័ន្ឋទទួលផលចោរកម្ម។
ក្នុងប្រតិបត្តិការឆែកឆេនេះដែរ សមត្ថកិច្ចបានរកឃើញម៉ូតូគ្រប់ប្រភេទនិងស៊េរីទំនើបចំនួន៧៤គ្រឿង និងរថយន្តចំនួន១០គ្រឿងទៀត ដែលក្នុងចំណោមនោះ គេរកឃើញមានម៉ូតូចំនួន៥១គ្រឿង គ្មានផ្លាកលេខនិងឯកសារគ្រប់គ្រាន់ ចំណែកឯរថយន្ត១០គ្រឿងមានឯកសារគ្រប់គ្រាន់ចំនួន២គ្រឿង។ ក្រៅពីនេះកម្លាំងមានសមត្ថកិច្ចតាមខណ្ឌនីមួយៗ កំពុងបន្ត អនុវត្តបទបញ្ជានេះនៅក្នុងមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួនដោយមិនរារែកនោះឡើយ៕