ខេត្តបាត់ដំបង ៖ លោកប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាឲ្យ លោក ជឿម វិត អនុប៉ុស្តិ៍នគរបាលរដ្ឋបាលចំការសំរោង ចុះទៅកន្លែងហាង បញ្ចាំឥតច្បាប់២កន្លែង ដើម្បីទប់ស្កាត់រាល់បទល្មើស លួច ឆក់ សម្ភារ: ផ្សេងៗ យកទៅបញ្ចាំទីនោះ ដោយឲ្យម្ចាស់ ហាងឈប់ ទទួលបញ្ចាំតទៅទៀត នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
លោក ជឿម វិត អនុប៉ុស្តិ៍នគរបាលរដ្ឋបាលចំការសំរោង បានដឹកនាំកម្លាំងចុះទៅលើទីតាំងចំនួន២កន្លែងរួមមាន ៖ ទីតាំងទី១ ដែលមានម្ចាស់ឈ្មោះ នី វិទូរ្យ ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនជាតិវៀតណាម នៅចំណុចផ្ទះលេខ២៨៤ ស្ថិតក្នុង ក្រុមទី១០ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ ទីតាំងទី២ ដែលមានម្ចាស់ឈ្មោះ ហាវ ស្រេង ហៅ ម៉ី ភេទប្រុស អាយុ៥៣ឆ្នាំ នៅចំណុចផ្ទះលេខ៤៣០ ស្ថិតក្នុងក្រុមទី១៩ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
លោកបានបន្តថា ការចុះទៅលើទីតាំងទាំង២កន្លែងនេះ គឺលោកទទួលបទបញ្ជាពីថ្នាក់លើ អោយចុះណែនាំនិងធ្វើកិច្ចសន្យាអោយម្ចាស់ទីតាំងបញ្ឈប់ការទទួលបញ្ចាំទ្រព្យសម្បត្តិនិងសម្ភារ:ប្រើប្រាស់ផ្សេងៗចូលជាបន្តទៀតទេ គឺអនុញ្ញាតអោយត្រឹមតែលក់ចេញប៉ុណ្ណោះហើយបើទីតាំងទាំងនេះមិនគោរពទៅតាមកិច្ចសន្យានេះទេ លោកនិងចុះដកហូតយកសម្ភារ និងឈានដល់ការបិទទ្វារឈប់អោយរកស៊ីបន្ត។
គួរបញ្ជាក់ថា រយៈពេលកន្លងមកទីតាំងទាំង២កន្លែងខាងលើនេះតែងតែទទួលបញ្ចាំយកទ្រព្យសម្បត្តិនិងសម្ភារ:ប្រើប្រាស់ផ្សេងៗ ពីក្រុមយុវវ័យដែលបានចេញពីការ លួច ឆក់ ពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវបរទេសជាដើម៕