ខេត្តក្រចេះ ៖ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក ទ្រី ម៉េងលាង នាយរងផ្នែករដ្ឋបាលព្រៃឈើក្រចេះ ព័ទ្ធចាប់រថយន្តកាមរីហាយប្រីដ ១គ្រឿង ពណ៌ស្ករ គ្មានស្លាកលេខ កាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ នៅតាមបណ្ដោយផ្លូវមាត់ទន្លេមេគង្គ ពីស្រុកសំបូរ ចូលមកក្រុងក្រចេះ ស្ថិតនៅចំនុចខាងក្រោយកំពង់ដ-ចម្លងឬស្សីចារ ក្នុងភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។
លោក ទ្រី ម៉េងលាង នាយរងផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន មន្ត្រីនាយសង្កាត់ថ្មគ្រែ ដឹកនាំដោយរូបលោកផ្ទាល់ សហកការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរី និងយោធាសឹករងក្រចេះ ។
លោក បន្តថា ការចុះបង្ក្រាបរថយន្តដឹកឈើប្រណិតមួយគ្រឿងខាងលើនេះ បន្ទាប់ពីរូបលោក ទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋមកថា មានរថយន្ដកាមរីហាយប្រីដ ១គ្រឿង ដឹកឈើប្រណិតប្រភេទធ្នុងពេញចេញពីស្រុកសំបូរ ឆ្ពោះចូលមកកាន់ក្រុងក្រចេះ នឹងបន្តទៅប្រទេសវៀតណាម ដូច្នេះហើយកម្លាំងរបស់លោក ក៏ចេញទៅឃ្លាំមើល រហូតដល់វេលាម៉ោង១និង៣០នាទី ក៏ប្រទះឃើញរថយន្ដនោះមកដល់ ហើយក៏ធ្វើការតាមចាប់តែម្ដង នៅពេលសមត្ថកិច្ចព័ទ្ធចាប់នោះតៃកុងរថយន្ដបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្ដនិងឈើប្រណិតពេញតែប៉ុណ្ណោះ ។
ហើយលោក ក៏បាននាំយករថយន្ដ ព្រមទាំងឈើប្រណិតមកទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សារតែម្ដង ដើម្បីរើរាប់ចំនួនឈើរដែលនៅក្នុងរថយន្ដនោះ ក្រោយពីកម្លាំងជំនាញរដ្ឋបាលព្រៃឈើ រើ នឹងធ្វើការវាស់វែងទៅឃើញថា ឈើដែលនៅក្នុងរថយន្ដមានចំនួនប្រមាណជាង ១ម៉ែត្រគូប ៕