អេស្ប៉ាញ ៖ មន្ត្រីប៉ូលិសជាន់ខ្ពស់អេស្ប៉ាញបានថ្លែងថា មនុស្ស១៣នាក់បានស្លាប់ និងប្រមាណជាង១០០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីបុរសម្នាក់បានបើករថយន្តដឹកទំនិញបំបុកចូលហ្វូងមនុស្សយ៉ាងសាហាវ នៅលើដងផ្លូវដ៏កកកុញមួយរបស់ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកនេះ។
មន្ត្រីប៉ូលិសជាន់ខ្ពស់អេស្ប៉ាញលោក Josep Lluis Trapero បានថ្លែងថា «ករណីនេះបានបង្ហាញយ៉ាងជាក់ស្តែងថា គឺជាអំពើភេរវកម្មសុទ្ធសាធ ដោយមានចេតនា ផ្តាច់យកជីវិតមនុស្សឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅរួច»។ លោកបន្តថា ប៉ូលិសបានឃាត់ខ្លួនបុរសពីរនាក់ ដែលម្នាក់ជាជនជាតិម៉ូរ៉ូកូន និងម្នាក់ទៀតមកពីទីក្រុង Melilla នៃប្រទេសអេស្ប៉ាញ ប៉ុន្តែទាំងពីរនាក់ពុំមែនជាអ្នកបើកបររថយន្តបង្កហេតុនោះឡើយ។
ជាមួយគ្នានេះក្រុមភេរវករ ISIS បានចេញមុខប្រកាសតាមរយៈទីភ្នាក់ងារព័ត៌មាន Amaq របស់ខ្លួនថា ជនដៃដល់នៅក្នុងការវាយប្រហារនៅទីក្រុង Barcelona នេះ គឺជាអ្នកប្រយុទ្ធរបស់ ISIS និងបានធ្វើសកម្មភាពតបទៅតាម ការអំពាវនាវឲ្យវាយប្រហារលើក្រុមប្រទេស ដែលចូលរួមក្នុងកងកម្លាំងចម្រុះអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីកម្ចាត់ក្រុមភេរវករនេះ៕