ខេត្តក្រចេះ ៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ សាលាដំបូងខេត្តក្រចេះ បានសម្រេចឃុំខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកឆ្លូងម្នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្ន បន្ទាប់ពីបញ្ចប់ការសាកសួរ លោក ញ៉ិល ប៊ុនលី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។
លោក ញ៉ិល ប៊ុនលី បានសម្រេចបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឃួន ជីវិន ភេទប្រុស អាយុ៤៣ឆ្នាំ ទីកន្លែងកំណើតនៅភូមិព្រៃស្ពឺ ឃុំចោមចៅ ស្រុកដង្កោ ខេត្តកណ្ដាល ទីលំនៅសព្វថ្ងៃនៅផ្ទះលេខ៣៧ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជននេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ រំលោភពអំណាច និងបទអនុគ្រោះចំពោះបទល្មើសព្រៃឈើដោយមន្ត្រីរដ្ឋបាលព្រៃឈើ ប្រព្រឹត្តនៅភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ កាលពីអំឡុងខែមេសា និងខែឧសភា ឆ្នាំ២០១៧ ។
ព្រះរាជាអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តក្រចេះ លោក ជា សុភ័ក្រ ដែលកាន់សំណុំរឿងនេះផ្ទាល់ បានប្រាប់ឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើខាងលើ ត្រូវបានលោកសម្រេចចោទប្រកាន់ចំនួន២បទល្មើស រួមមាន បទរំលោភអំណាច តាមបញ្ញត្តិមាត្រា៣៥ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងបទអនុគ្រោះចំពោះបទល្មើសព្រៃឈើដោយមន្ត្រីរដ្ឋបាលព្រៃឈើ តាមបញ្ញត្តិមាត្រា១០១ នៃច្បាប់ព្រៃឈើ។
បើតាមលោក ជា សុភ័ក្រ “ព្រះរាជអាជ្ញាបានធ្វើការចោទប្រកាន់២បទល្មើស រំលោភអំណាច អនុគ្រោះចំពោះបទល្មើសព្រៃឈើដោយមន្ត្រីរដ្ឋបាលព្រៃឈើ តាមមាត្រា៣៥ និង១០១ ច្បាប់ប្រឆាំងអំពើពុករលួយ និងច្បាប់ព្រៃឈើ”។
ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ត្រង់មាត្រា៣៥ បានចែងថា អំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ ឬដោយពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោតនៅក្នុងការបំពេញមុខងាររបស់ខ្លួន ឬក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ចាត់វិធានការរារាំងការអនុវត្តច្បាប់ ដើម្បីទទួលបានដោយខុសច្បាប់នូវប្រយោជន៍ណាមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ទៅ១០លានរៀល ប្រសិនបើមិនមានការប្រែប្រួលបទចោទ។ ដោយឡែក ត្រង់មាត្រា១០១ កថាខណ្ឌទី៣ នៃច្បាប់ស្ដីពីព្រៃឈើ បានចែងថា សកម្មភាពអនុគ្រោះចំពោះបទល្មើសព្រៃឈើណាមួយ ដែលប្រព្រឹត្តឡើងដោយមន្ត្រីរដ្ឋបាលព្រៃឈើ ត្រូវចាត់ទុកជាបទល្មើស និងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លាន ទៅ១០០លានរៀល។
គួរជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ អបព បានសម្រេចធ្វើការឃាត់ខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកឆ្លូង ខេត្តក្រចេះ ឈ្មោះ ឃួន ជីវិន អាយុ៤៣ឆ្នាំ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ហើយបញ្ជូនសំណុំរឿងទៅដល់ដៃព្រះរាជអាជ្ញាភ្លាមៗនៅថ្ងៃដដែលនេះ បន្ទាប់ពីបញ្ចប់នីតិវិធីរបស់ខ្លួនមុនពេលកំណត់។ នេះបើតាមសាររបស់លោកទេសរដ្ឋមន្ត្រី លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើជូនលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងអ្នកសារព័ត៌មាន តាមបណ្ដាញសង្គមតេឡេក្រាម នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។
បើតាមសាររបស់លោក ឱម យ៉ិនទៀង “ជូនក្មួយ កឹម សន្តិភាព ករណីខេត្តក្រចេះ អបព បានឃាត់ខ្លួនលោក ឃួន ជីវិន មន្ត្រីរដ្ឋបាលព្រៃឈើផ្នែកឆ្លូង ខេត្តក្រចេះ ឆ្នាំកំណើត ១៩៧៤ នៅថ្ងៃទី១៦ – ០៨ ម៉ោង ១៧៖០០។ ព្រះរាជអាជ្ញាអនុញ្ញតឲ្យ អបព បន្តនីតិវិធីរបស់ខ្លួន អបព មានពេល៤៨ម៉ោង ពោលគឺរហូតដល់ម៉ោង ១៧៖០០ ថ្ងៃសុក្រទី ១៨-០៨- ២០១៧ ដើម្បីកសាងបែបបទបញ្ជូនទៅតុលាការ។ ប៉ុន្តែនៅម៉ោង១៤៖០០ថ្ងៃនេះ អបព បានបញ្ចប់នីតិវិធីហើយបាន បញ្ជូនជនសង្ស័យដល់ដៃព្រះរាជអាជ្ញាមុនពេលកំណត់”។
ជុំវិញការឃាត់ខ្លួនមន្ត្ររដ្ឋបាលព្រៃឈើ វ័យ៤៣រូបនេះ ត្រូវបានគេមើលឃើញថា គឺបានធ្វើឡើងបន្ទាប់បែកធ្លាយវិដេអូរិះគន់ និងចែកចាយតៗគ្នានៅលើបណ្ដាញសង្គម រហូតដល់អ្នកសារព័ត៌មានយកមកចុះផ្សាយយ៉ាងព្រោងព្រាត អំពីសកម្មភាពរបស់មន្ត្រីរូបនេះ ទារលុយពីឈ្មួញឈើដឹកជន្លង់ម្រេច ហើយត្រូវលោក គុយ ហួត ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ បានសម្រេចផ្លាស់ឲ្យទៅបម្រើការងារក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះវិញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅ។
យោងតាមប្រភពបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីបានទៅធ្វើការនៅផ្នែករដ្ឋបាលព្រៃឈើឆ្លូងថ្មីៗ លោក ឃួន ជីវិន បានបើករថយន្តម៉ាក ហាយឡេនឌ័រ ទៅស្ទាក់ចាប់រថយន្តតួរីសដឹកជន្លង់ម្រេច នៅចំណុចភូមិព្រិច ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដើម្បីជំរិតយកប្រាក់ក្នុងមួយរថយន្តចំនួន១០ដុល្លារ ដោយលោកសំអាងថា អ្នករកស៊ីដឹកជន្លង់ម្រេចទាំងអស់នោះ មិនប្រាប់លោកឲ្យដឹងមុន បើទោះបីជាអ្នករកស៊ីបានឆ្លើយថា ខ្លួនមិនបានដឹងលោកមកកាន់ការងារថ្មី និងសុំបង់ត្រឹម១ម៉ឺនរៀលដូចគេដូចឯង ក៏លោក ឃួន ជីវិន មិនព្រមនោះដែរ ដោយលើកហេតុផលថា មុនដំបូងត្រូវបង់១០ដុល្លារ ព្រោះលោកត្រូវការចំណាយច្រើន ចាំលើកក្រោយចាំបង់ដូចគេដូចឯង។
ការបែកធ្លាយឃ្លិបវិដេអូខាងលើ ដែលត្រូវអ្នកបើករថយន្តដឹកជន្លង់ម្រេចលួចថតបាននេះ ធ្វើឲ្យសាធារណជនរិះគន់យ៉ាងខ្លាំង ព្រោះឈ្មួញធំៗ និងឧកញ៉ាមួយចំនួន រកស៊ីដឹកឈើហូហែរ កម្រឃើញមេព្រៃចាប់បានណាស់ បែរជាទៅចាប់ប្រជាពលរដ្ឋក្រីក្រ រកស៊ីដឹកឈើជន្លង់ម្រេច មួយថ្ងៃគ្រាន់រស់មួយថ្ងៃទៅវិញ៕