ខេត្តបន្ទាយមានជ័យ ៖ កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការឃាត់ខ្លួនសង្ស័យម្នាក់ភ្លាមៗតាមពាក្យបណ្តឹងពីបទចាប់រំលោភក្មួយថ្លៃជាអនីតិជនអស់រយៈពេល២ឆ្នាំទើបបែកការណ៍។ ការឃាត់ខ្លួនជនសង្ស័យនោះនៅវេលសម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រោយភោជនីយដ្ឋានស្រត្រជាក់ចិត្តថ្មីមានចំងាយប្រហែល២៥០ម៉ែត្រ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត លោកវរសេនីយ៍ត្រី ជា ដា ជនសង្ស័យមានឈ្មោះ ជ្រុញ រ៉េត ប្រុសអាយុ៣៦ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិចាន់គីរី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រពន្ធ និងកូន៣នាក់។ ចំណែកកុមារីរងគ្រោះឈ្មោះ ទ.ស.ហ អាយុ១០ឆ្នាំ។ លោកបញ្ជាក់ តាមចំលើយរបស់ជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចឲ្យដឹងថា អស់រយៈពេល២ឆ្នាំឈ្មោះ រ៉េត តែងតែបបួលនាងយកទៅរំលោភបានសំរេចប្រហែល៥០លើក ហើយក្នុងការរំលោភនេះកុមារីរងគ្រោះមិនបាននិយាយប្រាប់ឪពុកម្តាយទេ ព្រោះខ្លាចជនសង្ស័យធ្វើបាប។
បច្ចុប្បន្នជនសង្ស័យធ្វើការឃាត់ខ្លួន ហើយបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុងដើម្បីសាកសួរ ហើយបានបញ្ជូនសំណុំរឿងមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីសួរចម្លើយបន្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕