ឥណ្ឌា ៖ មនុស្សយ៉ាងតិច២៣នាក់បានស្លាប់ និងជាង៩០នាក់ទៀតរងរបួសក្រោយពីរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងបានបើកធ្លាក់ចេញពីផ្លូវនៅរដ្ឋអូតាប្រាដិសនៅភាគខាងជើងប្រទេសឥណ្ឌាកាលពីចុងសប្តាហ៍មុននេះ។
មន្ត្រីនាំពាក្យផ្លូវរថភ្លើងម្នាក់បាននិយាយថា ទូរថភ្លើងចំនួន១៤ទូបានប៉ើងចេញពីលើតួរថភ្លើងដែលក្នុងនោះមានទូមួយបានប៉ើងទៅបុកផ្ទះក្បែរនោះមួយកន្លែងខូចខាតយ៉ាងដំណំនៅក្នុងគ្រោះថ្នាក់នេះដែលបានកើតឡើងនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុងញូវដែលី ដែលជាទីក្រុងធំបំផុតរបស់ប្រទេសឥណ្ឌា។
មន្ត្រីមូលដ្ឋានបាននិយាយថា មូលហេតុនាំឲ្យមានគ្រោះថ្នាក់នេះនៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែ មន្ត្រីអះអាងថា គ្រោះថ្នាក់នេះអាចបណ្ដាលមកពីកំហុសរបស់មនុស្ស។
តាមស្ថិតិផ្លូវការបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំមកនេះគ្រោះថ្នាក់បែបនេះបានកើតឡើងសរុបចំនួនជាង៥៨០ករណីក្នុងនោះជាង៥០ភាគរយបានកើតឡើងដោយសាររថភ្លើងបើកធ្លាក់ផ្លូវ ហើយគ្រោះថ្នាក់ដែលខ្លាំងជាងគេបំផុតនោះគឺនៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៦ដែលបានសម្លាប់ប្រហែល១៥០នាក់៕