រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលជាសន្តិសុខឯកជនរបស់ក្រុមហ៊ុន «SPES» ត្រូវជនមិនស្គាល់មុខបាញ់៣គ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ខណៈជិះម៉ូតូទៅជិតរថយន្តក្នុងបំណងសួរនាំគេ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់មិញ ស្ថិតនៅម្តុំអង់តែនទួលគោកភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះឈ្មោះ ញៀន សុផាត អាយុ៣១ឆ្នាំ មុខរបរសន្តិសុខឯកជនរបស់ក្រុមហ៊ុន «SPES» ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ចំណែកជនង្កមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។
ប្រភពព័ត៌មានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូស្មាស់រេវ៉ូ ពណ៌ខ្មៅ មិនចាំស្លាកលេខបានមកដឹកមិត្តភក្តិចេញពីផឹកស៊ី ធ្វើដំណើរទៅដល់ម្តុំអង់តែនទួលគោក ខណៈជិះម៉ូតូមកដល់ក្បែរកន្លែងកើតហេតុស្រាប់តែប្រទះឃើញរថយន្ត មួយគ្រឿង ម៉ាក ឡិចស៊ីល RX300 ពណ៌ស ឈប់នៅទីនោះ។ ជនរងគ្រោះក៏ជិះម៉ូតូចូលទៅជិត ហើយសាកសួរម្ចាស់រថយន្ត ស្រាប់តែពេលនោះ ម្ចាស់រថយន្តក៏បានដកកាំភ្លើងចេញមក រួចក៏បាញ់ទៅលើជនរងគ្រោះចំនួន ៣គ្រាប់ត្រូវចំដៃខាងស្តាំថ្ពាល់ខាងឆ្វេង និងទ្រូងខាងស្តាំក្រោយពីកើតហេតុជនបង្កបានជិះរថយន្តរត់គេចខ្លួនបាត់តែម្តង។
សូមបញ្ចាក់ថា ករណីផ្ទុះអាវុធនៅក្នុងទឹកដីខណ្ឌឫស្សីកែវក្នុងរយៈពេលមិនទាន់បានមួយអាទិត្យផងបានកើតឡើងំនួន២លើកហើយ តែសមត្ថកិច្ចខណ្ឌមិនបានធ្វើការស្រាវជ្រាវស្វែងរកជនដៃដល់មកដាក់ទោសតាមផ្លូវច្បាប់នៅឡើយទេ៕