សេអ៊ូល ៖ ទីបំផុតកងទ័ពអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្ដើមសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំហើយ នៅថ្ងៃចន្ទនេះ បើទោះជាមានការគំរាមវាយប្រហារពីកូរ៉េខាងជើងក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧នេះ។
យោងតាមយោធាកូរ៉េខាងត្បូង សមយុទ្ធយោធាប្រចាំឆ្នាំ Ulchi Freedom Guardian (UFG) ប្រព្រឹត្តទៅពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ដោយមានការចូលរួមពីកងទ័ពអាមេរិក ១៧,៥០០នាក់ និងកូរ៉េខាងត្បូង ៥០,០០០នាក់ ក៏ប៉ុន្តែចំនួនកងទ័ពអាមេរិកចូលរួមនៅក្នុងសមយុទ្ធយោធាលើកនេះ គឺមានចំនួនតិចជាងកាលពីឆ្នាំមុន ដែលមានរហូតដល់ ២៥,០០០នាក់ចូលរួម។
ដោយឡែករដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានអះអាងថា ការកាត់បន្ថយចំនួនកងទ័ពអាមេរិក មិនមានជាប់ពាក់ ព័ន្ធនឹងភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ឬក៏ការគំរាមកំហែងពីកូរ៉េខាងជើងនោះទេ។
ជាការឆ្លើយតបនឹងសមយុទ្ធយោធានេះដែលកូរ៉េខាងជើងចាត់ទុកថា ជាការត្រៀមលក្ខណៈចូលឈ្លានពាន និងផ្ដួលរំលំរបបដឹកនាំ លោក គីម ជុងអ៊ុន នោះកាលពីថ្ងៃអាទិត្យកូរ៉េខាងជើងក៏បានគំរាមជាថ្មីដែរថា ខ្លួនមានសមត្ថភាពវាយប្រហារលើសហរដ្ឋអាមេរិកគ្រប់ពេលវេលា គ្រប់ទីកន្លែងមិនថា រដ្ឋហាវ៉ៃ ឬក៏កោះហ្គាំឡើយ៕