ឃាត់ខ្លួន​អ្នកកាសែត​២​នាក់​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​២​បទល្មើស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 August, 2017 ក+ ក-

​ខេត្តពោធិ៍សាត់ ៖ អ្នកកាសែត​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​ឃាត់ខ្លួន​បញ្ជូន​បន្តទៅ​មន្ត្រី​ជំនាញ​អនុវត្តន៍​តាម​នីតិវិធី​បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដោយ​អ្នកកាសែត​ទាំង​២​រូប​ខាងលើ​ជាប់​ពាក់ព័ន្ធ ២​បទល្មើស ខណៈដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ព្រឹក ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ ត្រង់ចំណុច​ភូមិ​ស្រែ​ព​ពាយ ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោម​ការបញ្ជា​ពី​លោក សូ សា​ហុង អភិបាល​នៃ​អភិបាលស្រុក​ភ្នំក្រវាញ​។​
​ជនសង្ស័យ​ជា​អ្នកកាសែត​ទាំង ២​នាក់​ត្រូវបាន​សម​ត្ត​កិច្ច​នគរ​បា​តល​ឃាត់​ខ្លូន​ទី​១ ឈ្មោះ អ៊ុយ គឹម​ង៉ុ​យ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មាន​ទី​លំ​ភូមិ​ដំណាក់​អំពិល សង្កាត់​លលកស ក្រុង​-​ខេត្តពោធិ៍សាត់ ជា​អ្នក​សា​ព័ត៌មាន គំនិត​ខ្មែរ និង​ម្នាក់ទៀត​ឈ្មោះ ធម្ម នី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ មាន​ទី​លំ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង (​មិន​បញ្ជាក់​ជា​អ្នក​សា​ព័ត៌មាន​អ្វី​នោះទេ​) ។​
​តាម​សមត្ថកិច្ច​បានបញ្ជាក់​ថា ការឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នកសារព័ត៌មាន​ទាំង​២​នាក់​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ រាយការណ៍ ឃើញ​ពួត​គាត់​ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 21.L1 002.96 សង្ស័យ​ក្លែងក្លាយ និង​ពាក់​ម៉ាក​សុវត្ថិភាព មាន​ឡូហ្គោ (​គណបក្ស​ប្រជាជន​កម្ពុជា​) ដើរ​ធ្វើ​សកម្មភាព​យកលុយ​ពី​ប្រជាជន​ដឹកឈើ​។​
​ដោយឡែក​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិ​ស្រាល​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ លោក​វរសេនីយ៍ទោ ម៉ូ លីដា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ នេះ​ថា ជនសង្ស័យ​ទាំង​២​នាក់ រួមទាំង​វត្ថុតាង រង់ចាំ​ឯកសារ​បន្ថែម ពី​កន្លែងកើតហេតុ​ខាងលើ ហើយនឹង​បញ្ជូនទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់ នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧​ស្អែក​នេះ​៕