អេស្ប៉ាញ ៖ ប៉ូលិសអេស្ប៉ាញបញ្ជាក់ថា ជនសង្ស័យឈ្មោះ Younes Abouyaaqoub ដែលបានបើករថយន្ដបំបុកសម្លាប់មនុស្ស១៥នាក់ នៅក្នុងទីក្រុងបាស់សេឡូណា កាលពីសប្ដាហ៍មុនត្រូវបានកម្លាំងប៉ូលិសបាញ់ស្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាប។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៧ នាសប្តាហ៍មុន មានបុរសម្នាក់បានបើករថយន្តដឹកទំនិញមួយគ្រឿង បំបុកចូលហ្វូងមនុស្សនៅលើដងផ្លូវមួយដែលសម្បូរទៅដោយភ្ញៀវទេសចរមួយកន្លែង ក្នុងទីក្រុង Barcelona ដែលជាលទ្ធផលបានបណ្តាលឲ្យមនុស្សចំនួន ១៥នាក់ស្លាប់ និងជាង១០០នាក់ រងរបួស។
ដោយឡែកនៅប៉ុន្មានម៉ោងក្រោយឈានចូលថ្ងៃសុក្រ មានករណីបើករថយន្តបំបុកមនុស្សមួយផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធគ្នា កើតឡើងក្នុងទីក្រុង Cambrils ហើយបានបង្កឲ្យមនុស្សចំនួន០៧នាក់របួស ខណៈជនដៃដល់ទាំង ០៥នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់៕