រាជរដ្ឋាភិបាល​យល់ព្រម​ឱ្យ​អង្គការ AIM បន្តដំណើរ​ការ​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុញ្ញាតឱ្យ អង្គការ​មេត្រី​អន្តរជាតិ (AIM) បន្ត​វត្ត​មានខ្លួន​នៅ​កម្ពុជា​តទៅទៀត ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពីស​ម្តេច​ក្រឡាហោម ស ខេង ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​រសៀល​ម្សិលមិញ ។​
​គួ​រម្លឹកថា អង្គការ AIM នា​ថ្មីៗ​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សង្ស័យថា​ជា​អ្នក​ផ្តល់ព័ត៌មាន​ខុស​ការពិត​ដល់​ទូរទស្សន៍ CNN របស់​សហរដ្ឋអាមេរិក រហូតដល់​ទូរទស្សន៍​នេះ​បាន​ផ្សព្វផ្សាយ​ថា «​កូនស្រី​កម្ពុជា​ត្រូវបាន​ម្តាយ​យកទៅលក់​ឱ្យ​បម្រើ​ផ្លូវភេទ​»​។ ការសង្ស័យ​បែបនេះ​ធ្វើឡើង​បន្ទាប់ពី AIM ដែលមាន​ស្នាក់ការ​នៅ​រាជធានី​ភ្នំពេញ អនុញ្ញាតឱ្យ​ទូរទស្សន៍ CNN សម្ភាសន៍​ក្មេងស្រី​រងគ្រោះ​៣​នាក់ នៅក្នុង​អង្គការ​របស់ខ្លួន ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តម្លៃ​កុមារី និង​ស្ត្រី​ខ្មែរ ដែល​ធ្វើឱ្យមាន​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ៕